(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មាន់គកបារាំង បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់គូប្រជែងនៅអឺរ៉ុបដូចគ្នា ប៊ែលហ្ស៊ិក ដោយលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលទើបបញ្ចប់មុននេះបន្តិចនៅ FIFA World Cup 2018 ដែលមសនរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
១គ្រាប់តែតបញ្ចូលទីរបស់កីឡាករខ្សែការពារ ពាក់លេខ៥ Samuel Umtiti នៅនាទីទី៥១ ក្រោយទទួលបាល់លើកចេញពីជ្រុងរបស់មិត្តរួមក្រុម Antoine Griezmann គ្រប់គ្រាន់ល្មម ដើម្បីជួយអតីតម្ចាស់ជើងឯក World Cup 1998 បារាំងឡើងទៅវគ្គផ្តាច់ព្រ័ត្ររង់ចាំការប្រកួតរវាងអង់គ្លេស ប៉ះក្រូអាត ម៉ោង១យប់ស្អែក សម្រាប់ក្រុមឈ្នះ ដើម្បីប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន World Cup 2018 លើកទី២១ នៅថ្ងៃអាទិត្យ ទី១៥ ខែកក្កដាចុងសប្តាហ៍នេះ។
មុនវគ្គផ្តាច់ព្រ័ត្រមកដល់ ប៊ែលហ្ស៊ិក ក៏ត្រូវប្រកួតយកចំណាត់លេខ៣ រវាងក្រុមចាញ់ដូចគ្នាផងដែរ អង់គ្លេស ឬក៏ក្រូអាត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា មុន១ថ្ងៃនៃវគ្គផ្តាច់ព្រ័ត្រចាប់ផ្តើម។
ការបរាជ័យនេះដែរ នៅតែធ្វើអោយក្រុមបិសាចក្រហម ប៊ែលហ្ស៊ិក មិនដែលឈ្នះពានលំដាប់ពិភពលោក មានរយៈពេល៤ឆ្នាំម្តងនេះដដែល៕