(ម៉ូស្គូ)៖ ប្រវត្តិជួបគ្នាក្នុង World Cup ចំនួន 2ដង រវាងក្រុមទាំងពីរ គឺបារាំងយកឈ្នះប៊ែលហ្ស៊ិក ទាំង 2ដង ដោយពេលនេះជាជំនួបលើកទី3 តើបារាំងអាចបន្ដយកឈ្នះ ប៊ែលហ្ស៊ិកបានទៀតឬទេ ក្នុងខណ:ប៊ែលហ្ស៊ិកទើបទម្លាក់ម្ចាស់ជើងឯកពិភពលោក ៥សម័យគឺប្រេសុីល អោយត្រឡប់ទៅស្រុកកំណើតវិញទាំងទឹកភ្នែកហូររហាមក្នុងលទ្ធផល 2-1 ចំណែកបារាំងបំបាក់អតីតម្ចាស់ផ្ទះដំបូង World Cup និងជាជើងឯកពិភពលោក ២ដង អុយរ៉ាហ្គាយក្នុងលទ្ធផល 2-0 ។
ពេលនេះ ប៊ែលហ្ស៊ិកមានខ្សែប្រយុទ្ធមាឌធំ រត់លឿនដ៍គួរអោយខ្លាច លេងនៅ Manchester United គឺ Romelu Lukaku និងខ្សែប្រយុទ្ធរត់លឿននៅ Chelsea គឺ Hazard ព្រមទាំងខ្សែបម្រើ ទាត់ត្រង់របស់Manchester City គឺ DeBryune និងកីឡាករល្អៗលំដាប់ពិភពលោកផ្សេងទៀតដែលទាំងអស់គ្នាបាននាំប៊ែលហ្ស៊ិកមកជួបបារាំងនៅរាត្រីថ្ងៃពុធនេះ នៅតារាង Saint Petersburg ។
និយាយជារួមក្រុម ប៊ែលហ្ស៊ិក ជាក្រុមមួយល្អទាំងព្រម ។ ក្នុងជំនួបថ្មីៗ ប៊ែលហ្ស៊ិកបានយកឈ្នះបារាំង 4-3 ដ៍គួរអោយភ្ញាក់ផ្អើលនៅ State de France ទីក្រុងប៉ារីស ទឹកដីបារាំង ។ ចំណែកបារាំងពេលនេះ ក៍មិនធម្មតាដែរ ដោយបានបំបាក់ជើងខ្លាំង Argentina ក្នុងវគ្គជម្រុះ 16 ក្រុម ក្នុងលទ្ធផល 4-3 ដោយការជួយពីខ្សែប្រយុទ្ធរត់លឿន របស់ក្លិប Paris StGermain គឺ Mbappe និងការជួយពី Griezmann និងPaul Pogba ។ បារាំងជាក្រុមមួយដែលល្អក្នុងWorld Cup ឆ្នាំ 2018 នេះ ដោយប្រកួតចំនួន 6. ដង មិនដែលចាញ់ ដោយឈ្នះ 5. ដង និងស្មើ 1 ដង ទាត់ចូលទីបាន 9 គ្រាប់ គេទាត់ចូលចំនួន 4 គ្រាប់ ។ ចំនែកក្រុម ប៊ែលហ្ស៊ិកវិញ សំបូរកីឡាករលំដាប់ពិភពលោកច្រើនរូប និងមានកាយសម្បទាល្អដែលមានឱកាសតែតបញ្ចូលទីបារាំងបានគ្រប់ពេល ។
ប្រវត្តិនៅរុស្សីនេះ ក្រុមប៊ែលហ្ស៊ិក ប្រកួតបាន 5 ដង ឈ្នះទាំង 5 ដង ដោយស៊ុតចូលគេ 14 គ្រាប់ គេស៊ុតចូលវិញ 5 គ្រាប់ ឃើញថាមានស្ថិតិល្អជាងក្រុមបារាំង ។ កាលពី World Cup នៅ Mexico ឆ្នាំ 1986 បារាំងជួបប៊ែលហ្ស៊ិក ដើម្បីដណ្ដើមតំណែងលេខ 3 និង លេខ 4 ពេលនោះប៊ែលហ្ស៊ិកចាញ់បារាំងក្នុងម៉ោងបន្ថែមក្នុងលទ្ធផល 4-2 ។
ប៉ុន្ដែជំនួបចុងក្រោយក្នុងការប្រកួតមិត្តភាពនៅទីក្រុងប៉ារីសនាថ្ងៃទី 07 ខែមិថុនា ឆ្នាំ 2015 កន្លងទៅនេះ ប៊ែលហ្ស៊ិកបានយកឈ្នះម្ចាស់ផ្ទះបារាំង ក្នុងលទ្ធផល 4-3 ដោយឈុតកីឡាករដែលកំពុងបង្ហាញខ្លូននៅ World Cup 2018 នៅរុស្សីនេះ ។ ប្រវត្តិនៃការជួបគ្នានៃក្រុមទាំងពីរគិតចាប់តាំងពីឆ្នាំ 1904 មក ទាំងក្របខ័ណ្ឌពានរង្វាន់អន្ដរជាតិ និង ក្របខ័ណ្ឌការប្រកួតមិត្តភាព ក្រុមទាំងពីរធ្លាប់បានជួបគ្នាចំនួន 73 ដង ដោយប្រវត្តិគឺបារាំងឈ្នះប៊ែលហ្ស៊ិក 24. ដង ស្មើ 19. ដង និងចាញ់ 30. ដង ។
ចំពោះការជួបគ្នាក្នុងកម្រិត World Cup កន្លងមក ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួនតែ 2 ដងគត់ គឺនៅ World Cup ឆ្នាំ 1938 ធ្វើឡើងនៅប្រទេសបារាំងដោយលទ្ធផល បារាំងឈ្នះប៊ែលហ្ស៊ិក 3-1 ។ 48. ឆ្នាំក្រោយមក ការជួបម្ដងទៀតនៃក្រុមទាំងពីរគឺ World Cup ឆ្នាំ 1986 នៅ មុិកសុិចកូ ដោយបារាំងឈ្នះ ប៊ែលហ្ស៊ិកក្នុងម៉ោងបន្ថែម ក្នុងលទ្ធផល 4-2. ដោយពេលនោះបារាំងមានជើងខ្លាំង Jean-Pierre Papin ដែលស៊ុតបញ្ចូលទីប៊ែលហ្ស៊ិកបានមួយគ្រាប់ ធ្វើអោយបារាំងទទួលចំណាត់ថ្នាក់លេខ 3. បន្ទាប់ពី អាហ្សង់ទីន និង អាល្លឺម៉ង់ខាងលិច ។ ការជួបគ្នានៃក្រុមទាំងពីរនៅម៉ោង ១ រំលងអាធ្រាតថ្ងៃទី 11 ខែកក្ដដា ឆ្នាំ 2018 ម៉ោងនៅកម្ពុជា ជាការជួបលើកទី 3 ក្នុងប្រវត្តិបាល់ទាត់ពានរង្វាន់ពិភពលោក ហើយដែល ២ លើកកន្លងមក បារាំងឈ្នះប៊ែលហ្ស៊ិករហូត ។ តើបារាំងអាចរក្សាខ្សែក្រវ៉ាត់មិនដែលចាញ់ប៊ែលហ្ស៊ិកបានលើកទី ៣ ដែរឬទេ នៅយប់នេះ ?
ក្រឡេកមើលសមាសភាពនៃក្រុមទាំង ២ មានកីឡាករល្អដូចគ្នា ប៉ុន្ដែអ្វីគួរអោយកត់សម្គាល់នោះគឺ ក្រុមប៊ែលហ្ស៊ិកមានកីឡាករខ្ពស់ៗជាងដែលអាចមានលទ្ធភាពតែតបញ្ចូលទីបានច្រើនជាងបារាំង ។ បារាំងពឹងផ្អែកលើខ្សែប្រយុទ្ធសេះផាយ Kylian MBappe ដែលស៊ុតបញ្ចូលទីក្រុមអាហ្សង់ទីនបាន ២ គ្រាប់នៅវគ្គជម្រុះ 16. ក្រុម ។ ចំពោះប៊ែលហ្ស៊ិកវិញ បានទម្លាក់ក្រុមជើងខ្លាំងប្រេសុីលចេញពីជម្រើស 8. ចុងក្រោយក្នុងលទ្ធផល 2-1 ដ៍គួរអោយភ្ញាក់ផ្អើល ទោះបីជាយើងឃើញថា ក្រុមប្រេសុីលលេងបានល្អយ៉ាងណាក៍ដោយ ។ ដូច្នេះផ្អែកលើសមាសភាពកីឡា ប្រវត្តិនៃការប្រកួតនៅរុស្សីនេះ ប្រាកដជាអាជ្ញាកណ្ដាលនឹងបន្ដរថែមម៉ោង 30 នាទីជាក់ជាមិនខាន ។ សូមរង់ចាំទស្សនាទាំងអស់គ្នា៕