(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកមិនអាចនិយាយបានឡើយថាតើប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាមិត្តឬក៏សត្រូវ ខណៈជំនួបរវាងមេដឹកនំាទាំងពីរកំពុងបង្កក្ដីកង្វល់ដល់បណ្ដាប្រទេសអឺរ៉ុប។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅឯសេតវិមាន នៅថ្ងៃអង្គារនេះ មុននឹងធ្វើដំណើរចាកចេញទៅចូលរួមក្នុងកិច្ច ប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងព្រុវសែល ប្រទេសប៊ែលហ្សិក ក៏ដូចជាបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោកត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំមានអង្គការណាតូ ខ្ញុំមានចក្រភពអង់គ្លេសដែល កំពុងមានភាពច្របូកច្របល់ ហើយខ្ញុំមានលោកពូទីន។ តាមពិតនិយាយឱ្យត្រង់លោកពូទីន អាចនឹងមានភាពងាយស្រួលនៅក្នុង ចំណោមពួកគេទៅទៀត តើអ្នកណាអាចគិតដល់?»។
ដោយឡែក នៅពេលត្រូវបានសាកសួរថាតើលោក ពូទីន គឺជាមិត្ត ឬក៏ជាសត្រូវ? លោកត្រាំ បានឆ្លើយយ៉ាងខ្លីថា៖«ខ្ញុំមិនអាច និយាយអ្វីបាននៅពេលនេះ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងទៅចូលរួមកិច្ចប្រជុំអង្គការណាតូ ក្នុងទីក្រុងព្រុចសែលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា មុននឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ នៅថ្ងៃទី១៣ ក៏ដូចជាជួបជាមួយលោក ពូទីន នៅក្នុងជំនួបកំពូលមួយនៅឯ ទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី១៦ ខែកក្កដានេះ៕