(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធជប៉ុនបានអះអាងនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានកើនដល់ ១៤៨នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៩នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់៕
២៖ ទីបំផុតក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុមសង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅវិញហើយនាម៉ោង ៦៖២២នាទីល្ងាច ថ្ងៃទី៣ ជាថ្ងៃចុងក្រោយនៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ៕
៣៖ រដ្ឋាភិបាលស្វីសបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិកហើយ នៅថ្ងៃអង្គារនេះ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលនាំឲ្យបណ្តាប្រទេសអឺរ៉ុបជាច្រើនផ្ទុះកំហឹង៕
៤៖ យាន OSIRIS-REx របស់អង្គការ NASA បានធ្វើការតម្រែតម្រង់ទិសជាលើកទីពីរតាមការគ្រោងទុក នៅលើគន្លងផ្លូវឆ្ពោះទៅកាន់គោលដៅរបស់វា ដែលជាថ្មអវកាសដ៏ធំ និងគ្រោះថ្នាក់មួយដុំ៕
៥៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាថា ទីក្រុងប៉េកាំងនឹងផ្ដល់កញ្ចប់ប្រាក់កម្ចី ២០ពាន់លានដុល្លារ និងជំនួយហិរញ្ញវត្ថុ ១.៦ពាន់លានដុល្លារ ដល់បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោមក្របខណ្ឌដែលលោកផ្ទាល់ហៅថា ប្រេង និងឧស្ម័នគឺជាគំរូស្ដារឡើងវិញ នូវកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់៕
៦៖ នៅចំពោះមុខភាពប្រសើរឡើង នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង កូរ៉េខាងត្បូងនាថ្ងៃអង្គារនេះបានសម្រេច«លុបចោល គម្រោងធ្វើសមយុទ្ធយោធាការពារជាតិឈ្មោះថា Ulchi» ដែលកន្លងមកជាការហាត់សម ដែលមានគោលដៅត្រួតពិនិត្យ និងវាយតម្លៃទៅលើសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ របស់ប្រទេសអាស៊ីខាងកើតមួយនេះ៕