(ថៃ)៖ ទីបំផុតក្មេងទី ១០ ត្រូវបានក្រុមសង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ក្រៅហើយ នាល្ងាចថ្ងៃទី ៣ នៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
គួរជម្រាបថា ក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ ក្មេងប្រុសសរុបចំនួន១០នាក់ ក្នុងចំណោមនុស្ស១៣នាក់ ដែលជាប់ខ្លួននៅក្នុងរូងភ្នំខាងលើ តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះនោះ ត្រូវបានជួយយកចេញមកក្រៅវិញ ហើយពួកគេកំពុងសម្រាកតាមដាននៅឯមន្ទីរពេទ្យ ក្នុងខេត្តឈៀងរ៉ាយ នៃនៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អទាំងផ្លូវការ និងផ្លូវចិត្ត ខណៈពីរនាក់ដែលទើបត្រូវបានរំដោះចេញនៅមុននេះបន្តិច កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។
សម្រាប់ប្រតិបត្តិការនាថ្ងៃទី ៣ នេះត្រូវគេរំពឹងថា នឹងជាថ្ងៃសង្រ្គោះចុងក្រោយ ខណៈដែលមនុស្សតែ ០៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្នុងរូងភ្នំ ដោយក្នុងនោះមានក្មេងៗ ០២នាក់ទៀត ព្រមទាំងគ្រូបង្វឹកម្នាក់របស់ពួកគេ៕