(អវកាស)៖ យាន OSIRIS-REx របស់អង្គការ NASA បានធ្វើការតម្រែតម្រង់ទិសជាលើកទីពីរតាមការគ្រោងទុក នៅលើគន្លងផ្លូវឆ្ពោះទៅកាន់គោលដៅរបស់វា ដែលជាថ្មអវកាសដ៏ធំ និងគ្រោះថ្នាក់មួយដុំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
យាន OSIRIS-REx ដែលត្រូវបានបាញ់បង្ហោះចេញពីផែនដី កាលពីខែកញ្ញា ឆ្នាំ២០១៦ កំពុងស្ថិតក្នុងការបំពេញបេសកកម្ម ដែលមានតម្លៃ ៨០០លានដុល្លារ ដើម្បីទៅគោចរជុំវិញ, សិក្សា, និងប្រមូលយកគំរូតាងពីអាចម៍ផ្កាយយក្សឈ្មោះថា Bennu ដែលមានមុខកាត់ប្រវែង ៥០០ម៉ែត្រ។
ប្រសិនអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុកទាំងអស់ យាន OSIRIS-REx នឹងទៅដល់គោលដៅនៅដើមខែធ្នូចុងឆ្នាំនេះ រួចធ្វើការសិក្សាស្រាវជ្រាវលើអាចម៍ផ្កាយ Bennu ពីចម្ងាយសម្រាប់មួយរយៈពេល ហើយនឹងចូលទៅកៀកដើម្បីប្រមូលយកគំរូតាងពីផ្ទៃនៃដុំថ្មអវកាសនេះ នៅខែកក្កដា ឆ្នាំ២០២០។ គំរូតាងដែលប្រមូលបានទាំងប៉ុន្មាន ក្រោយមកនឹងត្រូវបញ្ជូនមកកាន់ផែនដី តាមរយៈយានកាប់ស៊ុល (Capsule) ពិសេសមួយនៅខែកញ្ញា ឆ្នាំ២០២៣។
គួរជម្រាបថា OSIRIS-REx មិនមែនជាយានអវកាសប្រមូលគំរូតាងពីអាចម៍ផ្កាយ តែមួយគត់ ដែលកំពុងធ្វើដំណើរក្នុងទីអវកាសនោះឡើយ យាន Hayabusa2 របស់ប្រទេសជប៉ុន បានទៅដល់អាចម៍ផ្កាយមួយដុំឈ្មោះថា Ryyga មានមុខកាត់ដល់ទៅប្រវែង ៩០០ម៉ែត្រ កាលពីសប្តាហ៍មុន។ Hayabusa2 ត្រូវគេកំណត់ថា នឹងប្រមូលគំរូតាងរបស់អាចម៍ផ្កាយយក្សនេះ នៅខែធ្នូ ឆ្នាំ២០១៩ ហើយគំរូតាងទាំងនោះ នឹងមកដល់ផែនដីនៅរយៈពេលមួយឆ្នាំក្រោយ៕