(តូក្យូ)៖ អាជ្ញាធជប៉ុនបានអះអាងនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានកើនដល់ ១៤៨នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៩នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
ឆ្លើយតបចំពោះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ រដ្ឋាភិបាលជប៉ុន បានបញ្ជូនប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពជាង ៧៣,០០០នាក់ រួមទាំងឧទ្ធម្ភាគចក្រ ៧០០គ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។
លើសពីនេះទៅទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធស្អែកនេះ។ បន្ថែមពីនេះថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ត្រូវបានរៀបចំរួចរាល់ដើម្បីសង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូចខាតគ្រាន់តែទៅលើប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ។
ដោយឡែក សេចក្តីបង្គាប់ឲ្យជម្លៀសខ្លួន ក៏ត្រូវដាក់ចេញសម្រាប់ប្រជាជនជប៉ុនជិត ០៦លាននាក់ទៀត នៅតាមខេត្តចំនួន ១៩ ផងដែរ។ ប៉ុន្តែ អាជ្ញាធរជប៉ុន មិនទាន់វាយតម្លៃពីការខូចខាតទំហំសេដ្ឋកិច្ចនៅឡើយទេ ដោយគ្រាន់តែឱ្យដឹងថា ការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិ ដ៏អាក្រក់អស់រយៈពេលជាង ៤ថ្ងៃមកនេះ មានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនីប្រើប្រាស់ និង ៣០០,០០០ខ្នងទៀតគ្មានទឹកស្អាតប្រើប្រាស់ នៅក្នុងខេត្តចំនួន ១២៕