(ហ្សឺណែវ)៖ រដ្ឋាភិបាលស្វីសបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិកហើយ នៅថ្ងៃអង្គារនេះ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលនាំឲ្យបណ្តាប្រទេសអឺរ៉ុបជាច្រើនផ្ទុះកំហឹង។ នេះបើតាមក្រសួងសេដ្ឋកិច្ចស្វីស ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសេដ្ឋកិច្ចស្វីសបានឱ្យដឹងទៀតថា «ដោយសំអាងលើការយល់ឃើញរបស់ស្វីស ការតម្លើងពន្ធបន្ថែម ដែលសហរដ្ឋអាមេរិកអះអាងថា ធ្វើឡើងដើម្បីការពារសន្តិសុខជាតិនោះ គឺជារឿងមិនសមហេតុផល»។
គួរបញ្ជាក់ថា បើតាមច្បាប់ WTO សហរដ្ឋអាមេរិកមានរយៈពេល ៦០ថ្ងៃ ក្នុងការផ្សះផ្សាជម្លោះ ហើយបន្ទាប់ពីនោះស្វីសអាចបង្កើនជម្លោះ តាមរយៈការស្នើសុំឱ្យ WTO បង្កើតអង្គចៅក្រមមួយដើម្បីវិនិច្ឆ័យ៕