(បាងកក)៖​ ខណៈដែលរូបភាព និងព័ត៌មានអំពីមនុស្សទាំង ០៨នាក់ ក្នុងចំណោម ១៣នាក់ ដែលត្រូវបាន​សង្គ្រោះចេញមក​ មិនត្រូវបានទម្លាយជាផ្លូវការ​ពីរថ្ងៃមកនេះ ទីបំផុតមន្ត្រី​សុខាភិបាលថៃ​នៅថ្ងៃអង្គារដែលត្រូវបានជាថ្ងៃទី ៣ នៃការរំដោះនេះ​បានឱ្យដឹងថា ក្មេងប្រុស០៨នាក់ដំបូងគេ ដែលត្រូវបានគេ​យកចេញពីរូងភ្នំថាំលួង នៅភាគខាងជើង ប្រទេសថៃ មានសុខភាពល្អ​ទាំងផ្លូវកាយ និងផ្លូវចិត្ត។ នេះបើ​តាម​ការ​ចេញផ្សាយ​​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

ក្មេងប្រុសទាំង ០៨នាក់នេះ ត្រូវបានគេយកចេញ​ពីរូងភ្នំថាំលួង កាលពីអាទិត្យ និងថ្ងៃចន្ទ​ម្សិលមិញ បានទទួលការត្រួត​ពិនិត្យសុខភាព ដោយកាំរស្មី​អ៊ិច និងការធ្វើ​តេស្ដឈាម​ដោយរកឃើញថា ក្មេងពីរនាក់ក្នុងចំណោមពួកគេ​ធ្លាប់បាន​ទទួលការ​ព្យាបាលជំងឺរលាកថ្លើម ប៉ុន្តែសុខភាពរបស់ពួកគេ​ ហាក់ដូចជាមិនមាន​បញ្ហា​ចោទអ្វីធំដុំ​ឡើយ ហើយនឹងស្ថិត​នៅក្នុងមន្ទីរពេទ្យ​ដើម្បីតាមដានសុខភាព​បន្តរយៈពេលយ៉ាង​ហោចណាស់ ០៧ថ្ងៃទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ក្មេងប្រុស ០៨នាក់ហើយ ត្រូវបានគេយកចេញពីរូងភ្នំថំាលួង ស្ថិតក្នុងស្រុកម៉ែសៃ នៃខេត្ត​ឈៀងរ៉ាយ ភាគខាងជើង​ប្រទេសថៃ។​ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះវិញសង្ឃឹមថា ពួកគេអាចនឹង​ជួយក្មេងប្រុស ០៤នាក់ និងគ្រូបង្វឹករបស់​ពួកគេម្នាក់ ដែលកំពុងជាប់ក្នុងរូង​ភ្នំនៅឡើយ ចេញមកខាង​ក្រៅនៅ​ថ្ងៃអង្គារនេះតែម្តង។

ក្មេងប្រុសៗដែលកីឡាករបាល់ទាត់សរុប ១២នាក់ និងគ្រូបង្វឹកពួកគេ​ម្នាក់ ត្រូវបានក្រុម​អ្នក​មុជទឹក មកពីចក្រភព​អង់គ្លេសចំនួនពីរ​​នាក់​រកឃើញថា នៅមានជីវិត​នៅឡើយ​កាលពីថ្ងៃចន្ទ ទី០២ ខែកក្កដា នៅម៉ោង​​ប្រមាណ ១០៖២៥នាទីយប់ បន្ទាប់ពីជាប់ក្នុងរូងភ្នំចាប់​តាំងពីថ្ងៃទី២៣ ខែមិថុនាមក៕