(បរទេស)៖ ពិភពលោកពិតជាធំធេងណាស់ ហេតុដូច្នេះសកម្មភាពប្លែកៗរបស់មនុស្ស តែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ដែលរឿងរ៉ាវខ្លះគួរឲ្យយើងធ្វើការស្វែងយល់ពីសកម្មភាពនោះ និងដើមចមដែលនាំឲ្យវាកើតឡើង ខណៈខ្លះទៀតជារឿងរ៉ាវដែលគួរយកគំរូតាម និងកោតសរសើរ។
ខាងក្រោមនេះ គឺជាខ្សែវីដេអូអន្តរជាតិពិសេសៗ និងប្លែកៗទាំង ០៥ ដែលលោកអ្នកមិនគួរមើលរំលង ដែលជាភាគទី៣៖
១៖ រថភ្លើងលឿនដូចរន្ទះដែលមានប្រវែងខ្លួន ៤០០ម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការហើយនៅក្នុងផ្លូវធ្វើដំណើរពីទីក្រុងសៀងហៃ ទៅកាន់រដ្ឋធានីប៉េកាំង នៃប្រទេសចិន។ នេះជាខ្សែរថភ្លើងល្បឿនលឿនបំផុតទី ១៦ របស់ប្រទេសចិន ដែលត្រូវបានអភិវឌ្ឍន៍ និងដាក់ឲ្យដំណើរការ ដើម្បីជម្រុញវិស័យដឹកជញ្ជូនឲ្យកាន់តែមានប្រសិទ្ធភាព។
២៖ ស្ត្រីម្នាក់បានសន្លប់នៅមាត់ច្រកចេញ នៃផ្លូវរថភ្លើងក្រោមដី។ អ្នកដំណើរម្នាក់ផ្សេងទៀត បានស្ទុះទៅជួយរួចជូននាងទៅកាន់មន្ទីរពេទ្យ។ បុរសម្នាក់ដែលជួយនាងនោះ បានចាកចេញពីមន្ទីរពេទ្យក្រោយពីដឹងថា នាងមានសុវត្ថិភាព។ ពេលនេះស្ត្រីខាងលើកំពុងប្រកាសស្វែងរក បុរសដែលបានជួយនាងនោះ ដើម្បីជូនសាគុណជាទឹកប្រាក់ចំនួន ៥០,០០០យ័ន ស្មើនឹងជិត ៧,៦០០ដុល្លារអាមេរិក។ ទីបំផុតនាងបានដឹងថា បុរសនោះធ្វើការនៅកងទ័ពជើងទឹកចិន។
៣៖ កោះពស់របស់ប្រទេសចិន គឺស្ថិតនៅដែនសមុទ្របូហៃ នៃទីក្រុងដាលៀន។ កោះនេះជាជម្រកនៃសត្វពស់២០,០០០ក្បាល ជាពិសេស គឺសត្វពស់ប្រភេទ Venomous Pit Vipers ដែលមិនអាចរកមាននៅន្លែងណាផ្សេងទៀតទេ។ យោងតាមអង្គការ UNESCO កោះខាងលើនេះជាជម្រកនៃរុក្ខជាតិ ៧០៣ប្រភេទ, សត្វល្មូន ២៧១ប្រភេទ និង សត្វបក្សី ៣០៧ប្រភេទ។
៤៖ តើសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិនជាមហាយក្សនៅអាស៊ី ដែលបានផ្ទុះឡើងជាផ្លូវការនឹងបញ្ចប់ទៅដោយរបៀបណា? អ្នកកាសែតជើងចាស់ផ្នែកនយោបាយ Rick Dunham បានលើកឡើងថា វាមានលទ្ធភាពបីអាចទៅរួច។
៥៖ យុវជនចិនអាយុ១៩ឆ្នាំម្នាក់ ចាប់កាន់ពស់វែកហើយ Live វីដេអូបង្ហាញពីសកម្មភាពដ៏គួរឲ្យព្រឺព្រួចនេះ នៅលើអ៊ីនធើណែត ប៉ុន្តែត្រូវសត្វអសិរពិសនោះព្រួសពិសបាញ់ចំភ្នែកខាងស្តាំរបស់គេ។ ជារឿយៗយុវជនឈ្មោះ Xiaohuan តែង Live វីដេអូ អំពីសត្វពស់ជាច្រើនប្រភេទ រួមជាមួយលក្ខណៈរបស់ពួកវា ហើយនិងវិធានការសង្រ្គោះបឋម ពេលត្រូវពស់ចឹក។