(បាងកក)៖ ក្រុមអ្នកមុជទឹក និងក្រុមជួយសង្រ្គោះនៅក្នុងប្រទេសថៃ កំពុងបំពេញប្រត្តិបត្តិការដំណាក់កាលចុងក្រោយក្នុងថ្ងៃទី៣ហើយ ដើម្បីយកក្មេងប្រុសទាំង០៤នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ដែលនៅតែបន្តជាប់ឃុំក្នុងរូងភ្នំថំាលួង នៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
ប្រតិបត្តិការជួយសង្រ្គោះបានឈានចូលដល់ថ្ងៃទី៣ ក្រោយក្មេងប្រុស០៨នាក់ ត្រូវបានគេយកចេញពីរូងភ្នំថាំលួងដោយសុវត្ថិភាព និងបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីយប់ថ្ងៃចន្ទ។ ប៉ុន្តែមនុស្ស ០៥នាក់ ចុងក្រោយនៅតែបន្តជាប់នៅចំងាយ ០៤គីឡូម៉ែត្រ នៅក្នុងរូងភ្នំថំាលួងនៅឡើយ ស្របពេលក្រុមអ្នកជួយសង្រ្គោះ កំពុងចាប់ផ្ដើមការងាររបស់ពួកគេជាបន្ទាន់ ដោយសារតែខ្លាចក្រែងភ្លៀងធ្លាក់ ខ្លាំងអាចនឹងបង្កភាពស្មុគស្មាញ ដល់ប្រតិបត្តិការជួយសង្រ្គោះអ្នកទាំង ០៥នាក់ចុងក្រោយ នៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា បើតាមអភិបាលខេត្តឈៀងរ៉ាយ លោក ណារ៉ុងសាក់ អុសុតថាណាខន (Narongsak Osotthanakorn) ប្រតិបត្តិការជួយសង្រ្គោះក្នុងថ្ងៃទី៣នេះ អាចនឹងប្រើពេលរហូតដល់ទៅ ២០ម៉ោង ហើយវាអាចនឹងប្រែប្រួល អាស្រ័យលើអាកាសធាតុ និងកម្រិតទឹកនៅក្នុងរូងភ្នំ។
ក្មេងៗប្រុស ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានក្រុមអ្នកខាងមុជទឹក មកពីចក្រភពអង់គ្លេសចំនួនពីរនាក់រកឃើញថា នៅមានជីវិតនៅឡើយកាលពីថ្ងៃចន្ទ ទី០២ ខែកក្កដា នៅម៉ោងប្រមាណ ១០៖២៥នាទីយប់។ មួយវិញទៀត ក្រុមអ្នកជំនាញថៃ និងអន្តរជាតិ ក៏ធ្លាប់បានវាយតម្លៃដែរថា គេអាចនឹងត្រូវប្រើពេលរាប់សប្ដាហ៍ ដើម្បីយកជនរងគ្រោះទាំង ១៣នាក់ ចេញពីរូងភ្នំថាំលួងក្នុងស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសបាន៕