(ឡាហាវ៉ាន់)៖ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចនៅឯប្រទេសគុយបា បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសគុយបា និងពាំនាំសាររបស់លោក គីម ជុងអ៊ុន ផ្ញើជូនមេដឹកនាំថ្មីរបស់ប្រទេសនៅតំបន់ការីបៀនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចរយៈពេល ០៥ថ្ងៃរបស់លោក រី ស៊ូយ៉ុង (Ri Su Yong) ដែលជាអនុប្រធានគណៈកម្មាធិការមជ្ឈិម នៃគណបក្សកាន់អំណាចកូរ៉េខាងជើង បានបញ្ចប់ទៅកាលពីថ្ងៃចន្ទដើមសប្តាហ៍។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក Ri ក្រោមគោលបំណងពង្រឹងទំនាក់ទំនង រវាងទីក្រុងព្យុងយ៉ាង និងឡាហាវ៉ាន់ ក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅគុយបា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃមេសា បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសគុយបា លោក ប្រ៊ូណូ រ៉ូទ្រីហ្គែស (Bruno Rodriguez) ព្រមទាំងប្រធានាធិបតីថ្មី គឺលោក មីហ្គែល ឌីយ៉ាស កាណែល (Miguel Diaz-Canel) ហើយនិងអតីតមេដឹកនាំគុយបាលោក រ៉ាអ៊ូល ខាស្ត្រូ (Raul Castro) ផងដែរ។
គួរជម្រាបថា នៅក្នុងឱកាសជួបជាមួយលោក Diaz-Canel លោក Ri បានប្រគល់ជូនមេដឹកនាំគុយបារូបនេះ នូវលិខិតមួយច្បាប់ដែលផ្ញើមកពីប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈខ្លឹមសាររបស់សំបុត្រនោះ ពុំត្រូវបានបញ្ជាក់ឲ្យដឹងឡើយ៕