(សេអ៊ូល)៖ នៅចំពោះមុខភាពប្រសើរឡើង នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង កូរ៉េខាងត្បូងនាថ្ងៃអង្គារនេះបានសម្រេច «លុបចោលគម្រោងធ្វើសមយុទ្ធយោធាការពារជាតិឈ្មោះថា Ulchi» ដែលកន្លងមកជាការហាត់សម ដែលមានគោលដៅត្រួតពិនិត្យ និងវាយតម្លៃទៅលើ សមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ របស់ប្រទេសអាស៊ីខាងកើតមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ចេញមកពីក្រសួងការពារជាតិព្រមទាំងក្រសួងរដ្ឋបាលសាធារណៈ និងសន្តិសុខកូរ៉េខាងត្បូង បានឲ្យដឹងថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើង នៅអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតី លោក មូន ជែអ៊ីន ដោយស្របទៅតាមស្ថានការណ៍សន្តិសុខនាពេលថ្មីៗនេះ រួមជាមួយការផ្អាកសមយុទ្ធយោធារួមគ្នា កូរ៉េខាងត្បូង-អាមេរិក នៅខែក្រោយ។
ការលុបចោលសមយុទ្ធ Ulchi នាឆ្នាំនេះ បានកើតមានឡើង បន្ទាប់ពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានប្រកាសកាលពីពាក់កណ្តាលខែមិថុនាកន្លងទៅថា នឹងផ្អាកការធ្វើសមយុទ្ធយោធារួមឈ្មោះថា Freedom Guardian ហៅកាត់ UFG ដែលត្រូវបានគ្រោងនឹងធ្វើឡើងសម្រាប់ខែសីហា។ នាពេលកន្លងមកនេះ សមយុទ្ធយោធាទាំងពីរ តែងតែត្រូវបានប្រារព្ធឡើងព្រមគ្នា នៅខែសីហាជារៀងរាល់ឆ្នាំ។
គួរជម្រាបថា ភ្លាមៗក្រោយកិច្ចប្រជុំកំពូលជាលើកដំបូង ជាមួយប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងបញ្ឈប់រាល់ការធ្វើសមយុទ្ធបង្កហេតុជាមួយកូរ៉េខាងត្បូង ដរាបណាកិច្ចចរចានៅតែបន្តជាមួយទីក្រុងព្យុងយ៉ាង៕