(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង នឹងត្រូវប៉ះក្រុមដែលកំពុងឡើងជើងខ្លាំង ប៊ែលហ្ស៊ិកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាម៉ោង ១យប់រំលងអាធ្រាត្រនេះនៃព្រឹត្តិការណ៍ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
អតីតម្ចាស់ជើងឯក World Cup 1998 បារាំងសុទ្ធតែបានទម្លាក់ក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន ទាំង២ក្រុមរួមមាន ទម្លាក់អាហ្សង់ទីន របស់ Lionel Messi ដោយលទ្ធផល ៤-៣ ក្នុងវគ្គ១៦ក្រុមចុងក្រោយ មុនពេលមកទម្លាក់អ៊ុយរ៉ាហ្គាយ ២-០ ទៀតក្នុងវគ្គ៨ក្រុមចុងក្រោយ ដើម្បីឡើងមកប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ប៊ែលហ្ស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងចាប់ផ្តើមនារាត្រីនេះ មុនពេលអង់គ្លេស ប៉ះក្រូអាត នៅម៉ោង ១យប់ថ្ងៃស្អែក។
ជាការកត់សម្គាល់ផងដែរ ប៊ែលហ្ស៊ិកបានទម្លាក់ក្រុមខ្លាំងប្រេស៊ីលចេញពី World Cup 2018 ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយលទ្ធផល ២-១ ដោយបានបើកការនាំមុខ ២-០ មុនផងដែរ ក្រោយពេលកីឡាករប្រេស៊ីលតែតបញ្ចូលទីបាន ១គ្រាប់វិញនៅនាទីចុងម៉ោងនោះ ហើយប៊ែលហ្ស៊ិកក៏ជាក្រុមដែលបានទម្លាក់ក្រុមលេខ១នៅអាស៊ី សាម៉ូរៃជប៉ុន ដោយលទ្ធផល ៣-២ ផងដែរ។
បារាំង ធ្លាប់មានប្រវត្តិជួបប៊ែលហ្ស៊ិក ៧៣ដងនាពេលកន្លងមកទាំងក្នុងមិត្តភាពអន្តរជាតិ ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប និង World Cup ផ្សេងៗដោយក្នុងនោះធ្លាប់ឈ្នះ២៤ដង ស្មើ១៩ដង និងចាញ់ប៊ែលហ្ស៊ិក រហូតដល់ទៅ៣០ដងឯណោះ៕