(តូក្យូ)៖ អាជ្ញាធរជប៉ុនបានអះអាងនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានកើនដល់ ១៤១នាក់ហើយ រីឯមនុស្សបាត់ខ្លួនរាប់សិបនាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
ឆ្លើយតបចំពោះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ រដ្ឋាភិបាលជប៉ុន បានបញ្ជូនប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពជាង ៧៣,០០០នាក់ រួមទាំងឧទ្ធម្ភាគចក្រ ៧០០គ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា ដែលមានមនុស្សច្រើនជាង ៤០នាក់បាត់បង់ជីវិត ព្រមទាំងតំបន់មួយចំនួនទៀតរួមមានខេត្ត អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។
លើសពីនេះទៅទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធស្អែកនេះ។
ដោយឡែក សេចក្តីបង្គាប់ឲ្យជម្លៀសខ្លួន ក៏ត្រូវដាក់ចេញសម្រាប់ប្រជាជនជប៉ុនជិត ០៦លាននាក់ទៀត នៅតាមខេត្តចំនួន ១៩ ផងដែរ។ ប៉ុន្តែ អាជ្ញាធរជប៉ុន មិនទាន់វាយតម្លៃពីការខូចខាតទំហំសេដ្ឋកិច្ចនៅឡើយទេ ដោយគ្រាន់តែឱ្យដឹងថា ការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិ ដ៏អាក្រក់អស់រយៈពេលជាង ៤ថ្ងៃមកនេះ មានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនីប្រើប្រាស់ និងរាប់សិបខ្នងទៀតគ្មានទឹកស្អាតប្រើប្រាស់៕