(ចិន)៖ បន្ទប់ទឹកសាធារណៈនៅចិន កំពុងមានចំនួនកាន់តែច្រើន ព្រមទាំងមានអនាម័យជាងមុនផងដែរ។ នេះក៏ដោយសារតែវិស័យទេសចរ របស់ចិនរីកចម្រើន ហើយប្រជាពលរដ្ឋនៅទូទាំងប្រទេសចិន ក៏ត្រូវការជីវិតដែលល្អជាងមុនដែរ។
បន្ទប់ទឹកសាធារណៈនៅប៉េកាំង បានផ្លាស់ប្តូរមុខមាត់ថ្មី ហើយកាន់តែងាយស្រួលប្រើ។ សាលាក្រុងប៉េកាំង មានគម្រោងចង់ប្តូរបន្ទប់ទឹកសាធារណៈចំនួន៣០០កន្លែងទៀត នៅក្នុងឆ្នាំនេះ សម្រាប់តំបន់កណ្តាលក្រុង។ បន្ទប់ទឹកដែលប្តូរថ្មីនោះ នឹងមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និងប្រព័ន្ធចម្រោះក្លិន។
ខណ្ឌ ចាវយ៉ាង បានដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកដំបូងគេបង្អស់ ដែលមានប្រព័ន្ធប្រមូលកាកសំណល់ដោយប្រើខ្យល់។ បច្ចុប្បន្នខណ្ឌនេះ ខ្វះបណ្តាញលូក្រោមដី។ ប្រព័ន្ធថ្មីនេះ នឹងជួយប្រមូលកាកសំណល់ក្នុងលូ ដោយបូមវាចូលទៅក្នុងធុងមួយ។ បន្ទាប់មក ធុងនោះ នឹងត្រូវជញ្ជូនទៅរោងចក្រចម្រោះកាកសំណល់។
លោក ចូវ សៀរសឹង ប្រធានផ្នែកបរិស្ថាន នៃគណៈកម្មាធិការគ្រប់គ្រងក្រុងប៉េកាំង បាននិយាយថា «យើងចង់ឱ្យបន្ទប់ទឹកនីមួយៗ មានរចនាបទ មានថវិកា និងមានការវាយតម្លៃរបស់វារៀងៗខ្លួន។ ដោយធ្វើបែបនេះ យើងអាចអនុវត្តបានយ៉ាងពេញលេញ នូវយន្តការប្រតិបត្តិការបន្ទប់ទឹក និងសម្រេចបានទៅតាមស្តង់ដារបន្ទប់ទឹកផងដែរ»។
ក្រុង រ៉ុងចឹង នៅខេត្តសានតុង ប៉ែកខាងកើតប្រទេសចិន បានចាប់ផ្តើមរៀបចំបណ្តាញលូ ដើម្បីប្រមូលកាកសំណល់លូ ក្នុងន័យដោះស្រាយបញ្ហាភាពក្រីក្រនៅតាមទីជនបទ។
លោក ជាំង ថាវ អនុប្រធានការិយាល័យផ្គត់ផ្គង់ទឹកស្អាត និងកាកសំណល់ នៃមន្ទីរនគររូបនីយកម្ម ក្រុងរ៉ុងចឹង បាននិយាយថា «បំពង់លូ គឺស្ថិតនៅក្រោមដី។ វាប្រមូលកាកសំណល់លូពីផ្ទះអ្នកភូមិដែលនៅជិតនេះ។ សរុបទាំងអស់ ភូមិនេះ មានបំពង់លូចំនួន២៧ សម្រាប់ប្រមូលកាកសំណល់ពីផ្ទះចាប់ពីពីរបី រហូតដល់ជាងដប់ផ្ទះ ដោយអាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ»។
ចាប់តាំងពីខែសីហា ឆ្នាំ២០១៥មក ក្រុងរ៉ុងចឹង បានប្តូរបន្ទប់ទឹក នៅតាមភូមិចំនួន៧៤៤ភូមិ ដែលផ្តល់អត្ថប្រយោជន៍ ដល់ពលរដ្ឋចំនួន១សែន១ម៉ឺន៦ពាន់គ្រួសារ។
បន្ទាប់ពីសាលាក្រុងបានប្តូរបន្ទប់ទឹករួច ប្រជាពលរដ្ឋនៅក្រុង ស៊ូឈាន ដែលនៅក្បែរខេត្តជាំងស៊ូ ក៏បានកត់សម្គាល់ឃើញពីភាពល្អប្រសើរ ផ្នែកបរិយាកាស និងអនាម័យក្នុងបន្ទប់ទឹករបស់ពួកគេដែរ។
បច្ចុប្បន្ន ក្រុងនេះមានបន្ទប់ទឹក២៧កន្លែង ដែលផ្តល់សេវា WiFi សេវាដកប្រាក់ កន្លែងបញ្ចូលថ្មទូរស័ព្ទនិងខាត់ស្បែកជើង។ ទូទំនិញ បន្ទប់អានសៀវភៅ និងតុធ្វើការ ក៏មានផ្តល់ជូននៅតាមបន្ទប់ទឹកទាំងនេះដែរ។ ឯក្រដាសអនាម័យវិញ គេអាចទិញបានដោយប្រើម៉ាស៊ីនមួយ ដែលចេះស្គែនមុខមនុស្ស។
ចន្លោះពីឆ្នាំ២០១៥ ដល់២០១៧ ចិនបានចាយប្រាក់ជាង៣ពាន់លានដុល្លារអាមេរិក ទៅលើការសាងសង់ និងកែលម្អបន្ទប់ទឹកចំនួន៦ម៉ឺន៨ពាន់បន្ទប់ទឹក នៅតាមតំបន់ទេសចរ។ ពោល គឺលើសពីគោលដៅដែលមានចំនួនត្រឹមតែ៥ម៉ឺន៧ពាន់បន្ទប់ទឹកប៉ុណ្ណោះ។
ក្រោយពីទទួលបានជោគជ័យលើកនេះ បន្ទប់ទឹកសាធារណៈចំនួន៦ម៉ឺន៤ពាន់កន្លែងទៀត នឹងត្រូវសាងសង់ឬកែលម្អ នៅត្រឹមឆ្នាំ២០២០ ក្នុងន័យជួយជំរុញដល់វិស័យទេសចរ ព្រមទាំងធ្វើឱ្យវិស័យនេះរួមចំណែកកាន់តែខ្លាំង ដល់កំណើនសេដ្ឋកិច្ចជាតិចិន៕ (សារព័ត៌មាន CCTV របស់ចិន)