(អាមេរិក)៖ ក្រុមតារាវិទូឥឡូវនេះមានលទ្ធភាពប្រសើរជាងមុនឆ្ងាយ ក្នុងការថ្លឹងទម្ងន់របស់កាឡាក់ស៊ី Milky Way របស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
បើតាមរបាយការណ៍របស់ការសិក្សាថ្មីមួយបានឲ្យដឹងថា ម៉ាស់របស់ Milky Way គឺស្មើនឹង ៩៦០ពាន់លានសូឡាម៉ាស់ (ស្មើនឹងវត្ថុប៉ុនព្រះអាទិត្យយើង X ៩៦០ពាន់លាន) ខណៈទម្ងន់ប៉ាន់ប្រមាណពីមុនៗគឺរហូតដល់អតិបរមា ២ពាន់ពាន់លានសូឡាម៉ាស់ (ព្រះអាទិត្យយើងមានទម្ងន់ = 1.989 × 10^30 kg)។ សូឡាម៉ាស់ គឺជាខ្នាតដែលគេប្រើម៉ាស់របស់ព្រះអាទិត្យយើង ធ្វើជាខ្នាតរង្វាស់ទម្ងន់។ ក្រុមតារាវិទូបានឲ្យដឹងថា កាឡាក់ស៊ី Milky Way មានផ្ទុកផ្កាយចន្លោះពី ១០០ ទៅ ២០០ពាន់លានដួង។
គួរជម្រាបថា លទ្ធផលរបស់ក្រុមអ្នកវិទ្យសាស្រ្ត ខាងលើបានជួយពង្រឹងបន្ថែម ដល់គំនិតដែលថា កាឡាក់ស៊ី Andromeda ដែលនៅក្បែរយើង ឬហៅថា M31 នោះមានទម្ងន់ធ្ងន់ជាង Milky Way។ ការស្វែងយល់អំពីកាឡាក់ស៊ី Andromeda គឺជារឿងដ៏សំខាន់មួយ ដោយសារតែកាឡាក់ស៊ីទាំងពីរនេះ នឹងត្រូវប៉ះទង្គិចគ្នានៅក្នុងរយៈពេល ៤.៥ពាន់លានឆ្នាំខាងមុខ។ បច្ចុប្បន្ន Andromeda កំពុងរកិលមកកៀកផែនដី ឬកាឡាក់ស៊ីយើង ក្នុងល្បឿន ១១០គីឡូម៉ែត្រក្នុងមួយវិនាទី៕