(ចិន)៖ នៅប្រទេសចិន ប្រជាជនកំពុងត្រូវការផឹកកាហ្វេកាន់តែច្រើន។ វាជាហេតុទាក់ទាញក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាច្រើន ឱ្យមកបើកអាជីវកម្មកាហ្វេនៅទីផ្សារប្រទេសចិន។
និន្នាការនេះ កើតចេញពីហេតុដែលចិន មានហាងកាហ្វេជាលក្ខណៈគ្រួសារកាន់តែច្រើន ស្របពេលដែលប្រជាជននៅទីនេះ ចង់សាកភ្លក្សរសជាតិកាហ្វេ ដែលកាន់តែឆ្ងាញ់។
នៅប្រទេសចិន ក្រុមហ៊ុនលក់កាហ្វេលំដាប់អន្តរជាតិ បានផ្សព្វផ្សាយឱ្យគេដឹងរួចអស់ទៅហើយ អំពីផែនការអាជីវកម្មរបស់គេ។ ចំណែកឯហាងកាហ្វេ ដែលលក់តែកាហ្វេវិញ ក៏កំពុងកសាងអនាគតដ៏យូរអង្វែងរបស់ពួកគេក្នុងទីផ្សារ ដោយដើរទៅមុខសន្សឹមៗ ក្នុងល្បឿនថេរដែរ។
លោក ម៉ៃខល ហុងហ្វ៊ូ ស្ថាបនិកហាងកាហ្វេ Flatwhite បានថ្លែងថា «ទីផ្សារកាហ្វេនៅចិន កំពុងស្ថិតនៅផ្លូវប្រសព្វរវាង កាហ្វេកញ្ចប់ និងកាហ្វេហាង។ ទីផ្សារកាហ្វេនៅទីនេះ មានសក្តានុពលដើម្បីអភិវឌ្ឈខ្លួនទៅមុខទៀត។ សេវាកម្មដឹកជញ្ជូនកាហ្វេ ដោយប្រើអ៊ីនធើណេត មានឥទ្ធិពលខ្លាំងចំពោះហាងកាហ្វេនានា»។
បើតាមលោក ម៉ៃខល ទីផ្សារកាហ្វេហាងនៅចិន ទើបតែឈានដល់ដំណាក់កាលដំបូងប៉ុណ្ណោះ ហើយអនាគតរបស់ទីផ្សារនេះ ត្រូវពឹងផ្អែកលើការផ្គត់ផ្គង់គ្រាប់កាហ្វេដែលមានគុណភាព។
លោក ម៉ៃខល ហុងហ្វ៊ូ ថ្លែងថា «ឧបសគ្គធំបំផុតសម្រាប់ពួកយើងនៅពេលនេះ គឺត្រូវធានាឱ្យបានថាគុណភាពកាហ្វេ គឺនៅតែមាន បើទោះបីជាយើងពង្រីកមុខជំនួញ ហើយប្រើបណ្តាញលក់ទំនិញតាមអនឡាញ ដើម្បីដឺកជញ្ជូនកាហ្វេរបស់ទៅឱ្យអតិថិជនក៏ដោយ។»
ក្នុងឆ្នាំ២០១៦ ហាងកាហ្វេ Starbucks បានគ្រប់ដណ្តប់ទីផ្សារកាហ្វេចិនរហូតដល់ ៥៨.៦ភាគរយ ខណៈពេលដែលហាងកាហ្វេ Costa មានត្រឹមតែ ៣.៨ភាគរយតែប៉ុណ្ណោះ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor។
លោក ព្រូណូ លេន, ដៃគូក្រុមហ៊ុន Bain & Company ប្រចាំក្រុងសៀងហៃ បាននិយាយថា «ទីនេះ មានហាងកាហ្វេច្រើនណាស់ បើទោះជាគេល្បីតែហាងកាហ្វេមួយចំនួនក៏ដោយ។ ដូច្នេះខ្ញុំគិតថា គេនៅសល់ឱកាសនៅឡើយទេ ដើម្បីពង្រឹងវត្តមានក្នុងទីផ្សារ។ ហើយយើងប្រហែលជានឹងឃើញ មានក្រុមហ៊ុនកាហ្វេធំៗប្រហែល៥-៦ក្រុមហ៊ុន នឹងត្រូវច្របាច់បញ្ចូលគ្នាជាមួយហាងកាហ្វេពី៥ពាន់ ទៅ១ម៉ឺនហាង ដែលសុទ្ធសឹងតែជាហាងឯករាជ្យ និងមានភាពច្នៃប្រឌិត។ គឺវាដូចនឹងអ្វីដែលយើងបានឃើញ នៅតាមបណ្តាប្រទេសផ្សេងទៀតដែរ»។
ចិនមានពលរដ្ឋដែលមានជីវភាពមធ្យមកាន់តែច្រើន ហើយពួកគេចង់បានកាហ្វេកាន់តែច្រើនប្រភេទ។ វាជាហេតុដែលនាំឱ្យមានគេបើកហាងកាហ្វេ ឯករាជ្យកាន់តែច្រើន។ កត្តានេះ បានបណ្តាលឱ្យការផឹកកាហ្វេនៅចិន កើនឡើងយ៉ាងខ្លាំង នៅពីរបីឆ្នាំចុងក្រោយនេះ។
អ្នកចូលចិត្តផឹកកាហ្វេមួយរូបនិយាយថា «ពេលមើលបណ្តាញសង្គមដូចជា WeChat ខ្ញុំឃើញថាមានហាងកាហ្វេច្រើនណាស់។ ខ្ញុំចង់ទៅហាងដែលតូចៗច្រើនជាង ពីព្រោះវាមានបរិយាកាសល្អជាង និងមានរសជាតិឆ្ងាញ់ជាង ដោយសារគេប្រើបច្ចេកទេសឆុងដែលពិសេស»។
កត្តានេះមិនបានបង្កភាពរាំងស្ទះអ្វីដល់ក្រុមហ៊ុន Starbucks ដែលកំពុងមានផែនការចង់បើកហាងបន្ថែមចំនួន ៦០០០ហាង ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនោះទេ។
លោក ម៉ៃខល ហុងហ្វ៊ូ ស្ថាបនិកហាងកាហ្វេ Flatwhite បានថ្លែងថា «ទីផ្សារកាហ្វេនៅប្រទេសចិន មានសក្តានុពលធំធេង ដើម្បីរីកចម្រើននិងអភិវឌ្ឍបន្តទៀត។ ហើយយើងមិនអាចមានក្រុមហ៊ុនតែមួយ មកប្រកបអាជីវកម្មក្នុងទីផ្សារនេះ តែម្នាក់ឯងបាននោះទេ»៕ (សារព័ត៌មាន CCTV របស់ចិន)