(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រីស៊ីប តាយយ៉ីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានតែងតាំងកូនប្រសារប្រុសរបស់លោកឈ្មោះ ប៊ឺរ៉ាត អាល់បាយរ៉ាក់ (Berat Albayrak) ជារដ្ឋមន្ត្រីហិរញ្ញវត្ថុតួកគីថ្មី បន្ទាប់ពីលោកចូលស្បថកាន់តំណែង ជាប្រធានាធិបតីសម្រាប់អាណត្តិថ្មី ០៥ឆ្នាំ ទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោក Berat Albayrak ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីថាមពលកាលពីឆ្នាំ២០១៥ ហើយការតែងតាំងរូបលោក ត្រូវបានក្រុមអ្នកប្រឆាំងនឹងលោក អឺដូហ្កាន់ ចោទថាជាការពង្រឹងអំណាចនៅក្នុងជួររដ្ឋាភិបាលថ្មី ដែលប្រធានាធិបតីមានសិទ្ធិលើសលុប ក្នុងការតែងតាំងគណៈរដ្ឋមន្ត្រី និងរហូតដល់រំលាយសភា អនុឡោមតាមរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានធ្វើវិសោធនកម្មកក្រោយរដ្ឋប្រហារមិនបាន សម្រេចកាលពីឆ្នាំ២០១៦។
គួរជម្រាបថា លោក អឺដូហ្កាន់ បានស្បថឡើងកាន់ដំណែងជាប្រធានាធិបតីសម្រាប់អាណត្តិថ្មី នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីលោក បានឈ្នះនៅក្នុងការបោះឆ្នោតសកលកាលពីខែមិថុនាកន្លងទៅ។ លោកបានសន្យាថា នឹងដឹកនាំប្រទេសតួកគីឆ្ពោះទៅរកភាពរីកចំរើន ជាមួយប្រព័ន្ធដឹកនាំថ្មី ដែលក្រុមអ្នកប្រឆាំងសម្ដែងការព្រួយបារម្ភថា នឹងបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ៕