(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនមនុស្សស្លាប់ដោយបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កើតដោយភ្លៀងធ្លាក់ជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានកើនដល់ ១១២នាក់ហើយ ខណៈជនរងគ្រោះយ៉ាងតិច ០៣នាក់ កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ និង ៧៩នាក់ទៀតនៅបន្តបាត់ខ្លួន ដូច្នេះហើយចំនួនមនុស្សបាត់បង់ជីវិត អាចមានការបន្តកើនឡើងថែមទៀត៕
២៖ ក្មេងប្រុសទី៦ ទី៧ និងទី៨ ត្រូវបានយកចេញពីរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃបានសម្រេច ដែលនាំឲ្យមនុស្សសរុបចំនួន០៨នាក់ ហើយត្រូវបានសង្គ្រោះយកចេញដោយសុវត្ថិភាពក្រោយពីពួកគេទាំងអស់១៣នាក់បានជាប់ ក្នុងនោះ គិតចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា មកម្ល៉េះ៕
៣៖ រដ្ឋមន្រ្តីទទួលបន្ទុកដំណើរការ Brexit (ការដកអង់គ្លេសចេញពីសហភាពអឺរ៉ុប) របស់ចក្រភពអង់គ្លេស បានដាក់ពាក្យលាឈប់ពីជួររដ្ឋាភិបាលហើយ ដែលនេះជារឿងឈឺក្បាលថ្មីមួយទៀត សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរេសា ម៉ាយ (Theresa May) បន្ទាប់ពីការព្រមានដេញរដ្ឋមន្ត្រីការបរទេស បូរីស ចនសុន ចេញពីតំណែងកាលពីចុងសប្តាហ៍មុន៕
៤៖ ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានប្រមូលប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីជួយបង់ ថ្លៃធានានៅក្រៅឃុំឱ្យលោក ដែលត្រូវបង់ឱ្យតុលាការនៅថ្ងៃចន្ទនេះ៕
៥៖ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា កូរ៉េខាងជើងអាចនឹងមានអនាគតភ្លឺស្វាង បើសិនជាមេដឹកនាំលោក គីម ជុងអ៊ុន យកប្រទេសវៀតណាមធ្វើជាគំរូ៕
៦៖ អាជាធរអាហ្វហ្កានីស្ថានបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ច្រើនជាង ៦០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា ដាច់ដោយឡែកពីគ្នាជាច្រើន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះនៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន៕