(បាងកក)៖ ក្មេងប្រុសទី៦ ទី៧ និងទី៨ ត្រូវបានយកចេញពីរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃបានសម្រេច ដែលនាំឲ្យមនុស្សសរុបចំនួន០៨នាក់ ហើយត្រូវបានសង្គ្រោះយកចេញដោយសុវត្ថិភាពក្រោយពីពួកគេទាំងអស់១៣នាក់បានជាប់ ក្នុងនោះ គិតចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ The Nation នាយប់ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
បើតាមក្រុមជំនាញ ក្រុមសង្គ្រោះនឹងព្យាយាមយកមនុស្សទាំង ៥នាក់ទៀត ដែលកំពុងបន្តជាប់ក្នុងរូងភ្នំនៅឡើយ ហើយបើមិនមានភ្លៀងធ្លាក់បន្ថែម ឬបញ្ហាបច្ចេកទេសអ្វីទេនោះ ក្រុមសង្គ្រោះនឹងបន្តប្រតិបត្តិការរហូតដល់យប់ជ្រៅតែម្តង ដើម្បីសង្គ្រោះមនុស្ស រហូតទាល់តែអស់ចេញពីរូងភ្នំ។ ក្មេងប្រុសទាំង៣នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរនៅក្នុងតំបន់តាមឧទ្ធម្ភាគចក្រ រីឯក្មេងប្រុស៤នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់នៅជាប់ក្នុងរូងភ្នំនៅឡើយ។
គួរបញ្ជាក់ថា អាជ្ញាធរថៃមិនទាន់ផ្តល់ការបញ្ជាក់ ទៅលើឈ្មោះរបស់ក្មេងៗទាំង ០៨នាក់ ដែលត្រូវបានសង្គ្រោះជាផ្លូវការនោះឡើយ ដែលប្រការនេះអាចនិយាយបានថា ត្រូវរង់ចាំពួកគេសង្គ្រោះមនុស្សឲ្យអស់គ្នាសិន និងប្រាកដថា គ្មានមនុស្សណាម្នាក់រងគ្រោះ ទើបសន្និសីទសារព័ត៌មានផ្លូវការមួយ ត្រូវរៀបចំជាក្រោយ៕