News Update: ជនជាតិជប៉ុនស្លាប់កើនឡើងដល់១១២នាក់ហើយ និង៧៩នាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ប្រចាំឆ្នាំ២០១៨!
09-07-2018 17:50
(តូក្យូ)៖ ចំនួនមនុស្សស្លាប់ដោយបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កើតដោយភ្លៀងធ្លាក់ជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានកើនដល់ ១១២នាក់ហើយ ខណៈជនរងគ្រោះយ៉ាងតិច ០៣នាក់ កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ និង ៧៩នាក់ទៀតនៅបន្តបាត់ខ្លួន ដូច្នេះហើយចំនួនមនុស្សបាត់បង់ជីវិត អាចមានការបន្តកើនឡើងថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
ឆ្លើយតបចំពោះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ ប្រតិបត្តិការរុករក និងជួយសង្រ្គោះ បាននិងកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត នៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំងដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា ដែលមានមនុស្ស ៤៤នាក់បាត់បង់ជីវិត ព្រមទាំងតំបន់មួយចំនួនទៀតរួមមានខេត្ត អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា, ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ, កូជី, និងសាហ្គា។
គួរជម្រាបថា មនុស្សជាច្រើននាក់ ត្រូវគេជឿជាក់ថា កំពុងនៅជាប់គាំងក្នុងផ្ទះរបស់ពួកគេ ដោយសារតែផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ និងជន់លិច ខណៈសេចក្តីបង្គាប់ឲ្យជម្លៀសខ្លួន ត្រូវបានដាក់ចេញសម្រាប់ប្រជាជនជប៉ុនជិត ០៦លាននាក់ទៀត នៅតាមខេត្តចំនួន១៩៕