(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈរដ្ឋ លោក លីនសេយ ហ្គ្រាហាំ (Lindsey Graham) បាននិយាយថា ឧបសគ្គនៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺបង្កឡើងដោយទីក្រុងប៉េកាំង ដែលមានចេតនាប្រើប្រាស់ទីក្រុងព្យុងយ៉ាង បង្ខំឱ្យសហរដ្ឋអាមេរិកអង្គុយចរចាជាមួយចិន ជុំវិញសង្រ្គាមពាណិជ្ជកម្ម ហើយរូបភាពនេះមើលទៅប្រៀបបីដូចជា ការចង់ដុតបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងឲ្យពុះកញ្ជ្រោលឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
ការប៉ះទង្គិចពាក្យសម្ដីបានផ្ទុះឡើងជាថ្មីដោយលោក គីម យ៉ុងចុល (Kim Yong-chol) ដៃស្ដាំលោក គីម ជុងអ៊ុន បានបង្ហាញការសោក ស្ដាយជាខាំ្លងចំពោះអកប្បកិរិយារបស់លោក ប៉ុមបេអូ ដែលលោកយល់ថាកំពុងបង្ខំឱ្យកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរ។ លោក Kim Yong-chol បានលើកឡើងតាមរយៈសម្រង់សម្ដីដោយ KCNA ដូច្នេះថា «លោក ប៉ុមប៉េអូ បានបង្ហាញពីអកប្បកិរិយាដូចពួកទំនើង និងឯកតោភាគីលើសំណើលុបបំបាត់អាវុធនុយក្លេអ៊ែរ»។
តែយ៉ាងនេះក្ដី ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យ លោក Graham បានកត់សម្គាល់ថា ចិនគឺជាអ្នកនៅពីក្រោយខ្នងនៃអាកប្បកិរិយារបស់កូរ៉េខាងជើង។ សមាជិកព្រឹទ្ធសភារូបនេះ គូសបញ្ជាក់ថា «នៅក្នុងការគិតរបស់ខ្ញុំ ចិនគឺជារុញឱ្យកូរ៉េខាងជើងដើរត្រឡប់ក្រោយ ឬដើរទៅមុខ... យើងកំពុងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ យើងបានទិញផលិតផល ៥០០ពាន់លានដុល្លារពីចិន ហើយពួកគេទិញពីយើងវិញតែ ១០០ពាន់លានដុល្លារប៉ុណ្ណោះ... ដូច្នេះបើខ្ញុំជាលោកប្រធានាធិបតី ដូណាល់ ត្រាំ ខ្ញុំ នឹងមិនបណ្ដោយឱ្យចិនប្រើប្រាស់កូរ៉េខាងជើង មកបង្ខំខ្ញុំបញ្ចប់សង្រ្គាមពាណិជ្ជកម្មនោះឡើយ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមបេអូ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើង នឹងត្រូវបន្តអនុវត្តន៍រហូត ទាល់តែទីក្រុងព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង។ ប៉ុន្តែទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ថា សំណើរបស់លោក ប៉ុមប៉េអូ មានលក្ខណៈចាប់បង្ខំ និងមានចរិកដូចពួកមនុស្សទំនើង៕