(ថៃ)៖ ប្រតិបត្តិការជួយសង្រ្គោះក្មេងប្រុសដែលនៅសល់ចំនួន ០៨នាក់ទៀត រួមជាមួយគ្រូបង្វឹកម្នាក់របស់ពួកគេណ (សរុប០៩នាក់) ដែលបានជាប់ខ្លួននៅក្នុងរូងភ្នំភាគខាងជើងប្រទេសថៃនោះកំពុងប្រព្រឹត្តជាបន្តទៀត ក្រោយពីបានផ្អាកអស់រយៈពេលជាង ១០ម៉ោង កាលពីយប់មិញបន្ទាប់ពីជួយបានក្មេង ០៤នាក់ ដំបូងចេញមកវិញ។ នេះបើតាមប្រភពពីមន្រ្តីជើងទឹកថៃ ដែលជាអ្នកផ្តល់ព័ត៌មានផ្លូវការក្នុងប្រតិបត្តិការនេះ ដកស្រង់សម្តីដោយសារព័ត៌មានអាមេរិក CNN នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
មន្រ្តីយោធាថៃខាងលើបានប្រាប់ CNN ដូច្នេះថា «ប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីក្នុងរូងភ្នំ បានចាប់ផ្តើមប្រព្រឹត្តទៅជាបន្តទៀតហើយនាពេលនេះ ហើយវាមានការចូលរួមពីក្រុមអ្នកជំនាញមុជទឹកដដែល ដែលបានបំពេញបេសកកម្មដ៏លំបាក កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលចំណាយប្រមាណ ០៩ម៉ោង និងឈានដល់ការសង្រ្គោះក្មេងបាន ០៤នាក់ដំបូង ចេញមកខាងក្រៅវិញ»។
សម្រាប់ថ្ងៃចន្ទនេះ រថយន្តសង្រ្គោះបន្ទាន់ចំនួន ០៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់តំបន់រូងភ្នំថាំលួង ក្នុងស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ។ ខណៈនេះ ពេលវេលាបានកន្លងផុតទៅជាង ១២ម៉ោងហើយ ចាប់តាំងតែពីប្រតិបត្តិការជួយសង្រ្គោះដែលមានការសហការរួមគ្នារវាងក្រុមអ្នកជំនាញថៃ និងអន្តរជាតិ បានឆ្លងកាត់ច្រកដ៏តូចចង្អៀតចូលទៅក្នុងរូងភ្នំ ហើយនាំយកក្មេងប្រុស ០៤នាក់ ក្នុងចំណោមមនុស្សទាំង ១៣នាក់ ដែលបានជាប់គាំងនៅក្នុងរូងភ្នំលិចទឹកនេះ តាំងពីថ្ងៃទី២៣ ខែមិថុនាមក។
គួរជម្រាបថា ក្មេងទាំង០៤នាក់ ដែលត្រូវបានជួយសង្រ្គោះពីម្សិលមិញ កំពុងសម្រាកតាមដានសុខភាពយ៉ាងដិតដល់ នៅឯមន្ទីរពេទ្យនៅក្នុងខេត្តឈៀងរ៉ាយ ហើយពួកគេមិនទាន់បានជួបមុខឪពុក-ម្តាយរបស់ខ្លួននៅឡើយទេ។
បើតាមសមាជិកម្នាក់របស់ក្រុមគ្រួសារពួកក្មេងៗទាំងនេះ បានប្រាប់ CNN ថា គេមិនទទួលបានដំណឹងថា តើក្មេងប្រុសណាខ្លះ ត្រូវបានសង្រ្គោះចេញមកក្រៅកាលពីម្សិលមិញ និងអ្នកណាខ្លះនៅជាប់ក្នុងរូងភ្នំនៅឡើយនោះទេ ។ ម៉្យាងវិញទៀត អាជ្ញាធរថៃ បានបដិសេធព្រមផ្តល់ការបញ្ជាក់ទៅលើឈ្មោះរបស់ក្មេងៗ ដែលត្រូវបានចុះផ្សាយតាមបណ្តាញព័ត៌មានក្នុងស្រុកឡើយ។
ម៉្យាងវិញទៀត ពុំទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេថា តើក្មេងប៉ុន្មាននាក់ទៀត ឬក៏លោកគ្រូបង្វឹករបស់ពួកគេ ដែលនឹងត្រូវសង្រ្គោះចេញមកក្រៅនាថ្ងៃចន្ទនេះ៕