ក្តៅគគុក! កងទ័ពអាហ្វហ្គានីស្ថាន «បើកប្រតិបត្តិការមួយថ្ងៃ ផ្តាច់ជីវិតសកម្មប្រយុទ្ធ៦០នាក់»
09-07-2018 15:48
(កាប៊ុល)៖ អាជាធរអាហ្វហ្កានីស្ថានបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ច្រើនជាង ៦០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា ដាច់ដោយឡែកពីគ្នាជាច្រើន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះនៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងប្រាប់ស៊ីនហួរនៅថ្ងៃចន្ទនេះ អ្នកនាំពាក្យយោធាអាហ្វហ្គានីស្ថានប្រចាំតំបន់ លោក ហានីហ្វ រ៉េហ្សៃ (Hanif Rezai) បានឱ្យដឹងថា ប្រតិបត្តិការយោធាត្រូវបានធ្វើឡើងនៅតាមតំបន់ជាច្រើន ក្នុងនោះមានដូចជាស្រុក ជីមតាល់ (Chimtal), ហ្វៃហ្សាបាដ (Faizabad) និង ចាហា បូឡាក (Chahar Bolak) ស្ថិតនៅភាគខាងជើងខេត្ត បាល (Balkh)។
អ្នកនាំពាក្យរូបនេះបន្ថែមថា នៅក្នុងស្រុក ភឺចាម៉ាន់ (Purchaman) នៃភាគខាងលិចខេត្ត ហ្វារ៉ាហ៍ (Farah) សមាជិកក្រុមឧទ្ទាមតាលីបង់យ៉ាងហោចណាស់ ៣១នាក់ ត្រូវបានសម្លាប់ និង ១៤នាក់ ទៀតរងបួស នៅក្នុងការវាយប្រហាររបស់កងកម្លាំងទ័ពអាកាសអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា ជុំវិញសេចក្តីរាយការណ៍ព័ត៌មានខាងលើនេះ ក្រុមឧទ្ទាមតាលីបង់ មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងការអះអាងរបស់រដ្ឋាភិបាលទីក្រុងកាប៊ុលនៅឡើយទេ ខណៈគេជឿជាថា មេដឹកនាំជាន់ខ្ពស់តាលីបង់ម្នាក់ក្នុងខេត្ត Balkh ឈ្មោះ គូដ្រាត អ៊ុលឡាហ៍ (Qudrat Ullah) ក៏ស្ថិតនៅក្នុងចំណោមអ្នករងបួសដោយ សារការវាយប្រហារផ្លូវអាកាស របស់យោធាអាហ្វហ្គានីស្ថានផងដែរ៕