(ចិន)៖ ប្រទេសចិនកំពុងព្យាយាមលើកកម្ពស់ វិស័យពាណិជ្ជកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងឆ្នាំ២០១៨នេះ។ កាលពី៤០ឆ្នាំមុន ចិនបានធ្វើកំណែទម្រង់ជាលើកដំបូង លើវិស័យសេដ្ឋកិច្ច និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏តឹងរឹងរបស់ខ្លួន។

ក្នុងរយៈពេលជាងបួនទសវត្សរ៍មកនេះ ប្រទេសចិនបានក្លាយជាប្រទេសមួយ ដែលផ្តល់ទីផ្សារដែលទាក់ទាញបំផុត សម្រាប់ជាតិសាសន៍ជាច្រើន។ ក្រុមហ៊ុនបរទេសជាច្រើន បានរួមចំណែករហូតដល់៥០ភាគរយ នៃផលិតផលនាំចេញនាំចូលទាំងអស់ ២៥%នៃផលិតផលឧស្សាហកម្ម និង២០%នៃចំណូលពន្ធរបស់ចិន។

អ្នកនាង វ៉ាង ធីងធីន នាយករងក្រុមហ៊ុន Decathlon ប្រចាំប្រទេសចិន បានលើកឡើងថា «ពួកយើងអាចមើលឃើញថា ប្រទេសចិននៅតែផ្តល់ឱកាសអាជីវកម្មដ៏ធំ សម្រាប់អ្នកបណ្តាក់ទុនបរទេសដដែល។ សក្តានុពលទីផ្សារ គឺនៅតែធំដដែល»

សម្រាប់ភាគច្រើន នៃក្រុមហ៊ុនដែលមានបំផុតទាំង៥០០ក្នុងពិភពលោក ចិនបានក្លាយជាទីផ្សារ នៅបរទេសដ៏ធំបំផុតទៅហើយ។

អ្នកនាង រេឆល ទាន់ ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន GE ប្រចាំប្រទេសចិន បានថ្លែងថា «ក្រុមហ៊ុន GE មានវត្តមាននៅប្រទេសចិនជាង១០០ឆ្នាំមកហើយ ប៉ុន្តែការរីកចម្រើនខ្លាំងបំផុតទើបតែក្នុង ៣ទសវត្សចុងក្រោយនេះតែប៉ុណ្ណោះ។ យើងបានមកទីនេះ តាំងពីពេលដែលប្រទេសចិន ចាប់ផ្តើមអនុវត្តគោលនយោបាយបើកចំហរ និងកំណែទម្រង់សេដ្ឋកិច្ចម្ល៉េះ។ ហើយពួកយើងក៏ទទួល បានផលប្រយោជន៍ជាច្រើនដែរពីរឿងនេះ»

បើតាមក្រសួងពាណិជ្ជកម្មចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រទេសចិននឹងនាំចូលផលិតផល និងសេវាកម្ម ដែលមានតម្លៃជាទឹកប្រាក់សរុប ១០លានលានដុល្លារសហរដ្ឋអាមេរិក។

លោក ហ្សង់ ផល អាហ្កន ប្រធានក្រុមប្រឹក្សាភិបាលនិងនាយកប្រតិបត្តិក្រុមហ៊ុន L’Oreal បានលើកឡើងថា «ក្រុមហ៊ុន L’Oreal នៅចិន មានការរីកចម្រើនយ៉ាងលឿន។ វាពិតជាអភិវឌ្ឈបានល្អណាស់។ ចាប់តាំងពីពេលបើកដំបូងកាលពី២០ឆ្នាំមុនមក ពួកយើងពិតជាជោគជ័យខ្លាំងមែន»