(ចិន)៖ ឌូប៉ៃ គឺជាទីក្រុងមួយ នៅតំបន់មជ្ឈឹមបូព៌ា ដែលមានក្រុមហ៊ុនបង្កើតថ្មី (Startup) ដែលមានតម្លៃជាច្រើន។ ទីក្រុងនេះ កំពុងមានក្រុមហ៊ុនចិនកាន់តែច្រើន ដែលចង់វិនិយោគ។

ក្រុមហ៊ុនចិនប្រមាណ៤០០០ក្រុមហ៊ុន បានចុះបញ្ជីបើកអាជីវកម្មនៅក្រុងឌូប៉ៃ។ ជាភូមិសាស្ត្រដ៏ល្អ សម្រាប់គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ដែលផ្តោតលើការធ្វើពាណិជ្ជកម្ម និងកសាងហេដ្ឋរចនាសម្ព័ន្ធ។

អ្នកនាង អាកាន់សា ហ្គោអ៊ែល គឺជាស្ថាបនិក ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ តាមអ៊ីនធើណេតមួយឈ្មោះថា សូសលឡាយស៍ (Socialize)។ អ្នកនាងនិយាយថា បដិវត្តបច្ចេកវិទ្យានៅមជ្ឈឹមបូព៌ា ទើបតែចាប់ផ្តើមទេ។

ក្រោយពីបានលក់ភាគហ៊ុនមួយភាគធំឲ្យទៅក្រុមហ៊ុន We Are Social ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនចិន Bluefocus Group អ្នកនាង អាកាន់សា ជឿជាក់ថា ការព្រមព្រៀងគ្នា គឺជាភស្តុតាងបង្ហាញថា ក្រុមហ៊ុនលំដាប់ពិភពលោក កំពុងតែសម្គាល់មើលពីសក្តានុពល នៃតំបន់មួយនេះ។

អ្នកនាង អាកាន់សា ហ្គោអ៊ែល និយាយថា «៥០%នៃប្រជាជននៅទីនេះ មានអាយុក្រោម២៤ឆ្នាំ។ ចំនួននេះ គឺច្រើនជាងទ្វេដង បើធៀបនឹងទីផ្សារឯទៀតដូចជានៅអាមេរិក។ ដូច្នេះហើយ ចំនួនអ្នកប្រើបណ្តាញសង្គម គឺមានខ្ពស់ណាស់ ដោយសារអតិថិជនបានងាក មកប្រើបណ្តាញ សង្គមតាមទូរស័ព្ទវិញហើយ»

ការទិញភាគហ៊ុននេះ នឹងនាំឱ្យក្រុមហ៊ុនរបស់អ្នកនាង ត្រូវចូលរួមជាមួយបណ្តាញសកលរបស់ក្រុមហ៊ុន We Are Social ដែលមានការិយាល័យនៅប៉េកាំង និងសៀងហៃ។

អ្នកនាង អាកាន់សា ហ្គោអ៊ែល ស្ថាបនិកនិងប្រធានគ្រប់គ្រងក្រុមហ៊ុន Socialize ថ្លែងថា «សព្វថ្ងៃ ចិនមានមុខមាត់នៅលើឆាកអន្តរជាតិ។ យើងចាប់អារម្មណ៍ ចង់ងាកមកលោកខាងកើត ពីព្រោះអតិថិជនរបស់យើងភាគច្រើន គឺនៅទីនោះ។ ម្យ៉ាងទៀត ចិនក៏ជាទីផ្សារដ៏សំខាន់ណាស់ដែរ»

អ្នកនាង រីតា ហ័ង ជិន បានបង្កើតកូនក្រុមហ៊ុន iMile នៅឌូបៃកាលពីឆ្នាំមុន។ គំនិតរបស់អ្នកនាងគឺសាមញ្ញទេ…គឺចង់ផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូនថ្នាក់តំបន់ ដល់ក្រុមហ៊ុនពាណិជ្ជកម្មយក្សរបស់ចិន។

អ្នកនាង រីតា ហ័ង ជិន និយាយថា «យើងឃើញមានឧបសគ្គក្នុងការធ្វើជំនួញ, ជាពិសេសនៅពេលដែលអត្រា ពាណិជ្ជកម្មអេឡិចត្រូនិចកើនឡើងខ្ពស់។ ដូច្នេះ តំណាងឲ្យក្រុមហ៊ុនយក្សទាំងនេះ ពួកយើងជួយប្រមូលប្រាក់ពីសេវាដឹកជញ្ជូនរបស់ពួកគេ ហើយផ្ទេរប្រាក់នោះទៅពួកគេ ជារៀងរាល់សប្តាហ៍»

បច្ចុប្បន្នក្រុមហ៊ុន iMile សហការជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចចិនច្រើន ជាងមួយរយក្រុមហ៊ុន ហើយមុខរបរនេះ កំពុងតែរីកចម្រើនបាន៥០% ជារៀងរាល់ខែ។

ក្រុមហ៊ុនចិនក៏ទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍថាមពលសំខាន់ៗផងដែរ។

អ្នកនាង រីតា ហ័ង ជិន និយាយទៀតថា «សម្រាប់ក្មេងជំនាន់ក្រោយ យើងយល់ឃើញថា បច្ចេកវិទ្យាគឺជាឱកាស…មិនមែនជាការធ្វើជំនួញធម្មតាៗទេ។ រហូតមកដល់បច្ចុប្បន្ន វិស័យពាណិជ្ជកម្មអេឡិចត្រូនិច គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ធំបំផុតដែលខ្ញុំបានឃើញនៅក្នុងតំបន់នេះ»៕ (សារព័ត៌មាន CCTV របស់ចិន)