(បាងកក)៖ គិតមកដល់រសៀលថ្ងៃចន្ទនេះ មនុស្សចំនួនតែ០៤នាក់ប៉ុណ្ណោះ ក្នុងចំណោម​មនុស្សទាំង​១៣នាក់ ដែលទើបត្រូវបានសង្គ្រោះ​ចេញពីរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃ ដោយក្រុមសង្គ្រោះថៃ​​បានប្រើបច្ចេកទេស និងការផ្សងគ្រោះ​ថ្នាក់​គ្រប់បែបយ៉ាងទាំងអស់ ទើបអាចនាំពួក​គេចេញមកបាន​ដោយសុវត្ថិភាព។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានថៃ The Nation នៅរសៀល​ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

ដោយឡែក​​ខ្សែវីដេអូ ដែលបង្ហាញពី​​សកម្មភាពសង្គ្រោះ​​​ដ៏ផ្សងព្រេង​បំផុត និង​ជាអ្វី​ដែលបណ្តា​អ្នក​តាមដានព័ត៌មាន​​ទូទាំង​ពិភពលោកចង់ឃើញនោះ គឺ​ពិតជាគួរឲ្យចាប់​អារម្មណ៍ និងព្រឺព្រួចខ្លាំង​ណាស់ ព្រោះការនាំមនុស្ស​ដែលគ្មានជំនាញ ឆ្លងកាត់ក្នុងរូងភ្នំ​ដែល​ពេញដោយ​ទឹកជន់លិច ហើយងងឹត​សូន្យឈឹងបែបនេះ ប្រាកដ​ណាស់ថា ពិតជាត្រូវការ​ការអត់ធ្មត់ និងជំនាញ​ខ្ពស់បំផុតទើបអាចសម្រេចបាន៕