(គូឡាឡាំពួរ)៖ ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានប្រមូលប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីជួយបង់ ថ្លៃធានានៅក្រៅឃុំឱ្យលោក ដែលត្រូវបង់ឱ្យតុលាការនៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
លោក ណាជីប ត្រូវបង់ប្រាក់ធានានៅក្រៅឃុំចំនួនមួយលានរីងហ្គីត (ringgit) ឬស្មើនឹងជាង ២៤៨,០០០ដុល្លារ ជាមួយការបង់ពីរតំណាក់កាល ដោយតំណាក់កាលទីមួយ ត្រូវបានបង់ដោយកូនទាំងពីររបស់លោក រីឯតំណាក់កាលទីពីរ នឹងត្រូវបង់នៅថ្ងៃចន្ទនេះតែម្តង។
ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានគេរំពឹងថា នឹងជួយចេញថ្លៃធានានៅខាងក្រៅឃុំឱ្យលោក ណាជីប ចំនួន ៣០០,០០០ ringgit (៧៤,១៦៤.៩៧ដុល្លារ) នៅថ្ងៃចន្ទនេះ ខណៈលោកផ្ទាល់ត្រូវបង់ប្រាក់ ៥០០,០០០ ringgit (១២៣,៨៣៧.៥០ដុល្លារ)។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប្រាក់រៃអង្គាសខាងលើនឹងត្រូវប្រគល់នៅឯលំនៅដ្ឋាន ហ្សាឡាន ឡាំងហ្គាត់ ឌូតា (Jalan Langgak Duta) របស់លោក ណាជីប ក្នុងទីក្រុងគូឡាឡាំពួ។ លោក ណាជីប ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការកាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយមូលនិធិរដ្ឋ (1MDB) ប៉ុន្តែលោកចាត់ទុកថា វាជារឿងមិនពិតហើយថា លោកមិនបាន ប្រព្រឹត្តកំហុសអ្វីទាំងអស់៕