(ឡុងដ៍)៖ រដ្ឋមន្រ្តីទទួលបន្ទុកដំណើរការ Brexit (ការដកអង់គ្លេសចេញពីសហភាពអឺរ៉ុប) របស់ចក្រភពអង់គ្លេស បានដាក់ពាក្យលាឈប់ពីជួររដ្ឋាភិបាលហើយ ដែលនេះជារឿងឈឺក្បាលថ្មីមួយទៀត សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរេសា ម៉ាយ (Theresa May) បន្ទាប់ពីការព្រមានដេញរដ្ឋមន្ត្រីការបរទេស បូរីស ចនសុន ចេញពីតំណែងកាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់លោកស្រីនាយករដ្ឋមន្រ្តី លោកស្រី បានទទួលយកពាក្យលាឈប់របស់រដ្ឋមន្ត្រី Brexit លោក ដេវីដ ដាវីស (David Davis) ហើយ។ ការប្រកាសចុះចេញពីតំណែង ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Davis ត្រូវបានធ្វើឡើង នៅប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោកស្រី May ធានាបាននូវការគាំទ្រពីគណៈរដ្ឋមន្រ្តីរបស់លោកស្រី សម្រាប់គម្រោង Brexit។
គួរជម្រាបថា លោក Davis ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តី Brexit កាលពីឆ្នាំ២០១៦ មានតួនាទីបើកកិច្ចចរចា ជុំវិញការដកខ្លួនចេញរបស់ចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុប។ សម្រាប់ដំណើរការចាកចេញពីអឺរ៉ុបនេះ ក៏កំពុងរៀបចំផងដែរ ដែលនឹងសម្រេចឲ្យបានជាផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០១៩ ហើយសម្រាប់សំណើសុំប្រទានថវិកាពីព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី ២ ដើម្បីបង់ទៅឲ្យសហភាពអឺរ៉ុប ក៏បានរៀបចំរួចរាល់ដែរ កាលពីខែមិថុនាកន្លងទៅ៕