News Update: អាជ្ញាធរជប៉ុន៖ «គ្រោះមហន្តរាយទឹកជំនន់ ផ្តាច់ជីវិតមនុស្សកើនដល់ជិត១០០នាក់ និង៥៦នាក់បាត់ខ្លួន»
09-07-2018 11:34
(តូក្យូ)៖ អាជ្ញាធរជប៉ុននៅថ្ងៃអង្គារនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅឯតំបន់ភាគខាងលិចនៃប្រទេសបានកើនដល់ ៩៧នាក់ហើយ ខណៈពួកគេកំពុងពន្លឿនការស្វែងរកមនុស្ស ៥៦នាក់ ដែលកំពុងបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មកទល់នឹងព្រឹកថ្ងៃចន្ទសប្តាហ៍ថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយ ទូរទស្សន៍ជប៉ុន NHK នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរជប៉ុនគិតត្រឹមម៉ោង ១១៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងទីក្រុងតូក្យូ) មនុស្ស០៣នាក់បានរងរបួសធ្ងន់ ហើយខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្ស ៤២នាក់ស្លាប់ ហើយខេត្ត អេហៃមេ (Ehime) មានមនុស្សស្លាប់ ២៣នាក់។
ចំណែកឯខេត្ត អូកាយ៉ាម៉ា (Okayama), ហ៊ីយ៉ូកុ (Hyogo), ក្យូតុ (Kyoto), ស៊ីហ្គា (Shiga), ហ្វូគូអូកា (Fukuoka), កូជិ (Kochi), ជីហ្វូ (Gifu), យ៉ាម៉ាគូជិ (Yamaguchi), សាហ្គា (Saga) និង ខេត្ត កាហ្គោស៊ីម៉ា (Kagoshima) ក៏មានសេចក្ដីរាយការណ៍ពីអ្នកបាត់ខ្លួន និងបាត់បង់ជីវិតផងដែរ។
គួរបញ្ជាក់ថា ក្រៅពីការបាត់បង់អាយុជីវិតមនុស្ស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ ព្រមទាំងផ្ទះសម្បែងជាច្រើន ក៏ត្រូវបានរងការបំផ្លិចបំផ្លាញ និងជន់លិច ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរ ហើយស្ថិតនៅក្នុងទំហំធំធេងខ្លាំងតែម្តង ស្របពេលផ្ទះប្រមាណ ១២,៧០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់៕