(ហាណូយ)៖ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា កូរ៉េខាងជើងអាចនឹងមានអនាគតភ្លឺស្វាង បើសិនជាមេដឹកនាំលោក គីម ជុងអ៊ុន យកប្រទេសវៀតណាមធ្វើជាគំរូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
លោក ប៉ុមប៉េអូ ថ្លែងបែបនេះនៅឯវេទិកាពាណិជ្ជកម្មមួយក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង និងជប៉ុន។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានកត់សម្គាល់យ៉ាងដូច្នេះថា «ផ្អែកលើភាពរុងរឿង និងភាពជាដៃគូដែលយើងមានជាមួយវៀតណាម ក្នុងពេលបច្ចុប្បន្ន, ខ្ញុំចង់ផ្ញើសារទៅកាន់លោក គីម ជុងអ៊ុនថា លោកប្រធានាធិបតី ត្រាំ ជឿជាក់ថា ប្រទេសរបស់អ្នកអាចដើរតាមជំហានរបស់វៀតណាមបាន ហើយវានឹងក្លាយជារបស់អ្នក បើសិនជាអ្នកចេះចាប់យកឱកាសនេះ»។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានសន្យាដែរថា សហរដ្ឋអាមេរិកអាចនឹងជួយឱ្យកូរ៉េខាងជើង មានអនាគតភ្លឺស្វាងដូចជាកូរ៉េខាងត្បូង នៅក្នុងករណីដែលទីក្រុងព្យុងយ៉ាង យល់ព្រមរំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង៕