(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Wall Street Journal បានចុះផ្សាយអត្ថបទក្រើនរំលឹកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យគិតគូរពិចារណាឡើងវិញ ជុំវិញគម្រោងបង្កើតកងទ័ពអវកាស ដែលលោកកំពុងជាប់ចិត្តជាខ្លាំង ទៅលើរឿងបង្កើតកងអង្គភាពថ្មីនេះ ដោយហាក់មិនបានខ្វាយខ្វល់អំពីមូលហេតុថា តើហេតុអ្វីដែលបានជាផែនការនេះ មិនគួរលេចចេញជារូបរាងឡើយ នាខណៈនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងអត្ថបទមួយមានចំណងជើងថា «Houston, We Have a Space Force» Wall Street Journal បានសរសេរថា «គម្រោងនេះមិនគួរលេចចេញជារូបរាងឡើយនាពេលនេះ ទោះបីជាលោក ដូណាល់ ត្រាំ គិតត្រូវអំពីការគំរាមកំហែងពីគូប្រជែងក៏ដោយក្តី»។ សារព័ត៌មាននេះបានលើកឡើងថា បញ្ហានោះគឺមិនមែនទីអវកាស ពុំសាកសមនឹងទទួលចំណាប់អារម្មណ៍របស់យើងឡើយ ប៉ុន្តែយោធាសព្វថ្ងៃកំពុងមានបន្ទុកខ្លាំង ទាក់ទិននឹងវត្តមាននៃស្ថាប័នចំណុះ និងថ្លៃចាយវាយផ្សេងៗដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចធ្វើឲ្យការបង្កើតកងទ័ពអវកាស ដាច់ដោយឡែកមួយទៀតនោះ ពុំមែនជាគំនិតល្អឡើយ។
ម៉្យាងវិញទៀត វាក៏នឹងបង្កឲ្យមានការប្រកួតប្រជែងគ្នា រវាងកងអង្គភាពនីមួយៗ នៃកងកម្លាំងប្រដាប់អាវុធអាមេរិកផងដែរ ជាពិសេសនោះ គឺរវាងកងទ័ពអវកាសថ្មី និងកងទ័ពអាកាស ដែលបច្ចុប្បន្នមានតួនាទីមើលការខុសត្រូវ លើសកម្មភាពយោធានៅទីអវកាសប្រមាណ៩០ភាគរយតែម្តង ដើម្បីដណ្តើមយកកញ្ចប់ថវិកាពីក្រសួងការពារជាតិ។
សារព័ត៌មានខាងលើបានកត់សម្គាល់ថា លោក ដូណាល់ ត្រាំ និងអ្នកគាំទ្រដទៃទៀត នៃការបង្កើតអង្គភាពទ័ពអវកាសដាច់ដោយឡែកនេះ គឺត្រឹមត្រូវហើយ ដើម្បីកំណត់ថា ទីអវកាសគឺជាមូលដ្ឋានយោធាមួយ ដែលគួរទទួលបានការការពារប្រសើរជាងមុន ខណៈបរទេសដូចជារុស្ស៊ី និងចិន កំពុងការបង្កបញ្ហាប្រឈម និងការគំរាមកំហែងខ្លាំង។ ប៉ុន្តែលោក ដូណាល់ ត្រាំ គួរគិតឡើងវិញអំពីគម្រោងនេះ ដោយហេតុថា យោធាសព្វថ្ងៃកំពុងជួបប្រទះ បញ្ហាហិរញ្ញវត្ថុខ្លាំងរួចស្រេចទៅហើយ។
គួរជម្រាបថា យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក បាននិងកំពុងបន្តលើកឡើង អំពីគម្រោងបង្កើតទ័ពអវកាសនេះ នៅតាមព្រឹត្តិការណ៍យោធា និងការជួបអ្នកគាំទ្រផ្នែកនយោបាយនានា ដែលរាល់ការថ្លែងទាក់ទិននឹងគំនិតនេះ លោក ត្រាំ តែងតែទទួលបានការទះដៃសាទរពីសំណាក់អ្នកចូលរួម៕