(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអះអាងថា ប្រទេសរបស់លោកបានលើកឡើងនូវសំណើយ៉ាងសមស្រប ស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដោយទាត់ចោលការចោទប្រកាន់ពីទីក្រុងព្យុងយ៉ាងថា លោកប្រកាន់អាកប្បកិរិយាដូចជា «ជនទំនើង» នៅអំឡុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
កាលពីថ្ងៃសុក្រកន្លងទៅ លោក គីម យ៉ុងចុល (Kim Yong-chol) ដៃស្ដាំលោក គីម ជុងអ៊ុន បានបង្ហាញការសោកស្ដាយជាខាំ្លង ចំពោះអកប្បកិរិយារបស់លោក ប៉ុមបេអូ។ លោក Kim Yong-chol បានលើកឡើងដូច្នេះថា «លោក ប៉ុមប៉េអូ បានបង្ហាញពីអកប្បកិរិយាដូចពួកទំនើង និងឯកតោភាគីលើសំណើលុបបំបាត់អាវុធនុយក្លេអ៊ែរ»។
ទោះបីជាបែបនេះក្តី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុនក្នុងទីក្រុងតូក្យូ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ប៉ុមប៉េអូ បានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា បើសិនជាសំណើរបស់លោកមានលក្ខណៈដូចជាពួកយូកូម នោះពិភពលោកក៏មិនខុសគ្នាពីពួកយូកូមដែរ ព្រោះសំណើនេះ គឺជាការអនុម័តជាឯកច្ឆ័ន្ទរបស់ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ ពីអ្វីដែលត្រូវការជាចាំបាច់សម្រេចឱ្យបាន។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចកាលពីចុងសប្ដាហ៍កន្លងទៅ លោក ម៉ៃក៍ ប៉ុមប៉េអូ មិនបានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះទេ។ ចំណែកឯ ការចោទប្រកាន់របស់កូរ៉េខាងជើង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ប៉ុមប៉េអូ ធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ជាទីដែលលោកបានសន្យានៅចំពោះមុខរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជប៉ុន ថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង រហូតដល់រំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង៕