(បាងកក)៖ ក្មេងប្រុសយ៉ាងតិច០៤នាក់ក្នុងចំណោម១២នាក់ ដែលជាប់ក្នុងរូងភ្នំលិចទឹក នៅភាគខាងជើងប្រទេសថៃ ជាមួយគ្រូបង្វឹកម្នាក់របស់ពួកគេ អស់រយៈពេលប្រមាណ១៥យប់កន្លងមកនេះ ទីបំផុតត្រូវបានជួយសង្រ្គោះចេញមកខាងក្រៅវិញ ដោយសុវត្ថិភាពជាបណ្តើរៗហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardia នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមប្រភពព័ត៌មានដដែល ក្មេងជំទង់ពីរដែលចេញមកដល់ក្រៅមុន ក្នុងចំណោម០៤នាក់ខាងលើ ត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះបន្ទាន់ ទៅកាន់ឧទ្ធម្ភាគចក្រដើម្បីដឹកបន្តទៅកាន់មន្ទីរពេទ្យខេត្តឈៀងរ៉ាយ នៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីតំបន់រូងភ្នំថាមលួង។ មកទល់ពេលនេះ ក្មេងប្រុសទាំង០៤នាក់ បានចេញមកដល់ក្រៅរូបភ្នំ តាំងពីប៉ុន្មានម៉ោងមុនម្តងម្នាក់ៗ។
គួរជម្រាបថា នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរបានសម្រេចចាប់ផ្តើមការជួយសង្រ្គោះមនុស្សទាំង១៣នាក់ ដែលបានជាប់ក្នុងរូងភ្នំថាមលួងនៃស្រុកម៉ែសៃក្នុងខេត្តឈៀងរ៉ាយភាគខាងជើងប្រទេស តាំងពីថ្ងៃទី២៣ ខែមិថុនាមក ហើយទើបតែត្រូវបានរកឃើញកាលពីដើមខែកក្កដានេះ ឲ្យចេញមកខាងក្រៅវិញ តាមរយៈការបញ្ជូនក្រុមអ្នកជំនាញមុជទឹក ដើម្បីជួយអមដំណើរពួកគេ។ ពីដំបូងឡើយអាជ្ញាធរថៃ បានរំពឹងថា ទំរាំតែអ្នកដំបូងគេចេញមកដល់ខាងក្រៅគឺរហូតទាល់តែម៉ោង០៩យប់នេះឯណោះ ប៉ុន្តែក្មេងពីរនាក់ដែលត្រូវបានសង្រ្គោះចេញផុតពីរូងភ្នំដំបូងគេ គឺកាលម៉ោងខ្ទង់៦យប់នេះ ពោលគឺ០៣ម៉ោងមុនការរំពឹងទុក។ ចំណែកក្មេង០៦នាក់ទៀត ព្រមទាំងគ្រូបង្វឹក ត្រូវគេរំពឹងថា នឹងចេញមកដល់ខាងក្រៅនាពេលឆាប់ៗខាងមុខដូចគ្នាដែរ៕