(បាងកក)៖ មកទល់រសៀលថ្ងៃអាទិត្យនេះ ចំនួនមនុស្សស្លាប់ក្នុងករណីលិចទូកដឹកភ្ញៀវទេសចរចិន នៅដែនសមុទ្រនៃកោះភូកេត​ភាគ​ខាងត្បូងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានកើនដល់យ៉ាងតិច៤២នាក់ហើយ ខណៈដែល១៤នាក់ទៀត នៅតែពុំទាន់រកឃើញ។​ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។

អភិបាលខេត្តភូកេត លោក Norraphat Plodthing បានឲ្យដឹងថា នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរថៃបានរកឃើញសាកសពចំនួន០៥​នាក់​ថែម​ទៀត នៅជាប់ក្នុង​ទូក​​​ទេសចរណ៍ Phoenix ដែលបានលិចទៅ​ជម្រៅប្រមាណ៣០ទៅ៤០ ទៅក្រោមបាតសមុទ្រ ដោយសារតែព្យុះ​​និងរលកបោកបក់ ហើយនាពេលរសៀលនេះ ពួកគេរួមជាមួយក្រុមអ្នកសង្រ្គោះចិន បានរកឃើញសាកសព០៣នាក់ទៀត នៅក្នុង​ទូក​។

គួរជម្រាប ទូកដែលលិចខាងលើរួម​មានឈ្មោះ ស៊ីរេណាតា (Serenata) ដោយ​មនុស្សទាំងអស់​ ៤២នាក់នៅលើនោះ ត្រូវ​ជួយ​សង្រ្គោះ​​​បានទាន់​​ពេល​​វេលា ខណៈ​ក្នុង​ចំណោម​មនុស្ស​ទាំង​ ១០៥នាក់ ដែលធ្វើដំណើរ​​លើ​ទូក​​ឈ្មោះ ហ្វឺនិច (Phoenix) វិញមានចំនួនអ្នក​ស្លាប់​សរុបកើនដល់៤២, ១៤នាក់​កំពុង​​បន្ត​បាត់​ខ្លួន និង ៤៨នាក់ត្រូវបានជួយសង្រ្គោះ។ សម្រាប់អ្នកភ្ញៀវទេសចរ​នៅលើទូកទាំងពីរ​គ្រឿង គឺសុទ្ធតែជាជនជាតិចិន៕