(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានឡើងទៅប៉ះអង់គ្លេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី បាល់ប៉េណាល់ទី១១ម៉ែត្រ កាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោងនិងថែម១៥នាទី២ដងស្មើគ្នា ២-២ ក្នុងវគ្គ៨ក្រុមដែលទើបបញ្ចប់មុននេះបន្តិចនៅ World Cup 2018។
ការឈានដល់ម៉ោងថែម១៥នាទី ២ដងត្រូវបានធ្វើឡើង បន្ទាប់ពីប្រកួតពេញម៉ោង៩០នាទីស្មើគ្នា ១-១ តាំងពីវគ្គទី១មកម្ល៉េះ ខណ:ម្ចាស់ផ្ទះរុស្ស៊ី ជាអ្នកបើកការនាំមុខមុននៅនាទីទី៣១ តែត្រូវបានក្រូអាតតាមស្មើវិញនៅនាទីទី៣៩។
យ៉ាងណាក៏ដោយ កីឡាករ Vida បានក្លាយជាវីរបុរស ដោយការតែតបញ្ចូលទី១គ្រាប់នៅនាទីទី១០១ ក្រោយទទួលបាល់លើកចេញពីជ្រុង តែត្រូវបានរុស្ស៊ីស៊ុតគ្តាប់តាមស្មើ ២-២ វិញនៅនាទីទី១១៥មុនពេលទាត់បាល់ប៉ែណាល់ទី១១ម៉ែត្រកាត់សេចក្តី ដោយក្រូអាតទាត់ចូល៤គ្រាប់ និងរុស្ស៊ី ទាត់ចូលតែ៣គ្រាប់ ដូច្នេះក្រូអាតឡើងទៅជួបអង់គ្លេស ដែលបានទម្លាក់ស៊ុយអែត ដោយលទ្ធផល ២-០ នៅវគ្គ៤ក្រុម។
ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយ ត្រូវបានបញ្ចប់ជាផ្លូវការ ដោយបារាំងឡើងទៅប៉ះប៊ែលហ្ស៊ិក ខណ:អង់គ្លេស ប៉ះក្រូអាត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០១៨ នៅ FIFA World Cup លើកទី២១នេះ៕