(តូក្យូ)៖ ស្ថានការណ៍ទឹកជំនន់និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលកំពុងបន្តវាយលុកយ៉ាងធ្ងន់ធ្ងរលើប្រទេសជប៉ុន ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកនោះ បានផ្តាច់ជីវិតមនុស្សកើនដល់ជិត៥០នាក់ និងជាច្រើននាក់ទៀតបានរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
មកទល់យប់ថ្ងៃសៅរ៍នេះមនុស្សសរុប៤៩នាក់ ត្រូវអាជ្ញាធរជប៉ុនបញ្ជាក់ថា បានបាត់បង់ជីវិត ខណៈ០៥នាក់បានទទួលរងរបួសធ្ងន់ និងយ៉ាងតិច៤៨នាក់ផ្សេងទៀត កំពុងនៅបន្តបាត់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់ទាំង៤៩នាក់ ២៣នាក់គឺនៅខេត្តហ៊ីរ៉ូស៊ីម៉ា ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ, ១៨នាក់នៅខេត្តអ៊ីហ៊ីមិ, និងផ្សេងទៀតនៅខេត្តដូចជា ហ្វូគុកា ក្យូតូ អូកាយ៉ាម៉ា ស្ស៊ីហ្គា និងយ៉ាម៉ាហ្គូជិ ដែលនៅភាគខាងលិចនិងនិរតីនៃប្រទេសជប៉ុន។ ក្រៅពីជីវិតមនុស្ស ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ ព្រមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញ និងជន់លិច ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរ។
បើតាមសម្តីរបស់អាជ្ញាធរជប៉ុន សមាជិកក្រុមសង្គ្រោះ ប៉ូលិស ក្រុមពន្លត់អគ្គភ័យ និងកងកម្លាំងស្វ័យការពារសរុប ៤៨,០០០នាក់ កំពុងតែចេញប្រតិបត្តិការតាមរុករកនិងសង្គ្រោះប្រជាជន ដែលជាប់ខ្លួន និងអាចទទួលរងរបួស នៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី។ ទន្ទឹមនឹងនេះមនុស្សប្រមាណ៣.៦លាននាក់ ដែលរស់នៅខេត្តហ្វូគុកា អូសាកា ក្យូតូ ហ៊ីរ៉ូស៊ីម៉ា និងអូកាយ៉ាម៉ា ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួនចេញទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីគេចចេញពីគ្រោះមហន្តរាយនានា ដែលបាន និងកំពុងបង្កឡើងដោយភ្លៀងធ្លាក់ និងទឹកជំនន់យ៉ាងគំហុកនេះ។
គួរបញ្ជាក់តាមទីភ្នាក់ងារឧតុនិយមជប៉ុនអះអាងថា ភ្លៀងនឹងបន្តគំរាមកំហែងបណ្តាខេត្តភាគខាងកើត និងខាងលិចជប៉ុន រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈក្រុមសង្គ្រោះនៅតែបន្តការងាររបស់ខ្លួន រហូតដល់ស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញ៕