(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានសម្តែងការសោកស្តាយជាខ្លាំងនាថ្ងៃសៅរ៍នេះ ជុំវិញលទ្ធផលនៃកិច្ចចរចាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នៅឯទីក្រុងព្យុងយ៉ាង ស្តីពីមធ្យោបាយនៃគម្រោងរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដូចដែលបានព្រមព្រៀងគ្នាដោយមេដឹកនាំនៃប្រទេសទាំងពីរ កាលពីនៅក្នុងជំនួបកំពូលនាខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់ទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង បានបង្ហាញការសោកស្តាយនិងរិះគន់ទៅលើឥរិយាបថរបស់សហរដ្ឋអាមេរិក ដែលព្យាយាមស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរតែម្ខាង និងដោយបង្ខំពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
គួរជម្រាបថា សេចក្តីថ្លែងការណ៍ខាងលើ ត្រូវបានចុះផ្សាយនៅប៉ុន្មានម៉ោង ក្រោយពីលោក Mike Pompeo បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក នៅព្យុងយ៉ាង ក្រោមគោលដៅកំណត់ពីវិធានការ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនៃកិច្ចប្រជុំថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឯកភាពថា នឹងធ្វើការរួមគ្នាឆ្ពោះទៅរក ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ពីតំបន់ឧបទ្វីបកូរ៉េ៕