(អង់ការ៉ា)៖ នៅក្នុងការធ្វើអត្ថាធិប្បាយដែលកាន់តែធ្វើឲ្យមានមន្ទិលសង្ស័យកាន់តែខ្លាំងឡើង ថារដ្ឋាភិបាលតួកគី​​តាមពិតមានជាប់​ពាក់​ព័ន្ធនឹងការធ្វើរដ្ឋប្រហារយោធាបរាជ័យ នៅក្នុងប្រទេសរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នោះ នាយករដ្ឋមន្រ្តីតួកគីថ្មីៗនេះ​បានលើកឡើងដូច្នេះថា ទង្វើនៅថ្ងៃទី១៥ ខែកក្កដា គឺជាគម្រោងការមួយ ដែលលោកពុំពេញចិត្តឬក៏យល់ស្របជាមួយឡើយ។ នេះ​បើ​​តាម​ការដកស្រង់ការផ្សាយចេញពីទីសារព័ត៌មានស៊ុយអែត SCF នៅ​យប់ថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានតួកគី Anadolu នៅពេលត្រូវបានចោទសួរដូច្នេះថា «នាពេលកន្លងមកនេះធ្លាប់មាន​​គម្រោង​ណាមួយ ដែលផ្តល់ផលលំបាកខ្លាំងដល់រូបលោក រហូតធ្វើឲ្យលោកប្រាថ្នាថា មិនគួរជ្រុលខ្លួនពាក់ព័ន្ធនឹងបញ្ហានេះដែរឬក៏​អត់​»​ នាយករដ្ឋមន្រ្តីតួកគីលោក Binali Yildirim បានឆ្លើយតបវិញថា «តើខ្ញុំគួរតែប្រាប់អ្នកអំពីគម្រោងមួយណាទៅ... គម្រោងការដែលខ្ញុំមិន​ពេញចិត្តគឺទង្វើថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦»។

គួរជម្រាបថា ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្រ្តីតួកគី បានទាក់ទាញការរិះគន់ជាច្រើន នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយមនុស្សភាគច្រើន បាននិយាយថា សម្តីរបស់លោក Yildirim គឺជាការសារភាពយ៉ាងច្បាស់ដូចថ្ងៃថា រដ្ឋាភិបាលតួកគី មានជាប់​ទាក់ទិននឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពី០២ឆ្នាំមុន ដែលបានផ្តាច់ជីវិតមនុស្ស២៤៩នាក់ និងបង្ករបួសស្នាមជាច្រើននាក់ផ្សេង​ទៀត​៕