(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ​លោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងនូវ​សមានទុក្ខ​យ៉ាង​ក្រៀមក្រំជូន​ចំពោះប្រជាជាតិ​ចិនទាំងមូល នៅករណីលិចទូក​ដឹកអ្នកទេសចរចិន នៅក្នុងដែនសមុទ្រ​នៃកោះភូកេត ភាគខាងត្បូងប្រទេសថៃ ដែលបានបណ្តាល​ឲ្យជនជាតិចិន​​សរុប ៣៨នាក់ស្លាប់ និង ១៨នាក់ទៀតកំពុងបាត់​ខ្លួននៅឡើយ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងវិមានរដ្ឋាភិបាល​ថៃ នាទីក្រុងបាងកក​ថ្ងៃសៅរ៍នេះ លោក ប្រាយុទ្ធ បានថ្លែងយ៉ាង​ដូច្នេះថា «រដ្ឋាភិបាលថៃនឹងខិតខំប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងក​រក​មនុស្សបាត់ខ្លួន និងជួយថែទាំដល់អ្នកដែលនៅរស់ផងដែរ»។ បន្ថែមពី​នេះទៀត មជ្ឈមណ្ឌលគាំទ្រ​ប្រតិបត្តិការ​សង្គ្រោះមួយ នឹងត្រូវបង្កើត​ឡើងនៅខេត្ត ភូកេត ខណៈការស៊ើប​អង្កេតរកមូលហេតុ​លិចទូកទាំងពីរ​គ្រឿង ក៏នឹងត្រូវធ្វើ​ឡើងជាបន្ទាន់។

យោងតាមអាជ្ញាធរថៃ ទូកចំនួនពីរគ្រឿងបានដឹកអ្នកទេសចរចិនជិត ១៥០នាក់ ទាំងយប់ឆ្លងកាត់សមុទ្រនៃកោះភូកេត ទាំងដែលពេលនោះកំពុងមានព្យុះកើតឡើង ហើយជាលទ្ធផលទូកទាំងពីរគ្រឿងនេះបានលិច ដោយសារតែភ្លៀងខ្យល់បោកបក់ អមដោយរលកធំៗ។ សម្រាប់ក្រុមជំនាញចិនដែលមកប្រទេសថៃពេលនេះ គឺដើម្បី​ជួយស្វែងរកមនុស្សបាត់ខ្លួន និងរៀបចំយកសាកសពជនរងគ្រោះទាំងអស់ ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ នៅពេលការរុករកបញ្ចប់រួចរាល់។

គួរបញ្ជាក់ថា ទូកដែលលិចខាងលើរួម​មានឈ្មោះ ស៊ីរេណាតា (Serenata) ដោយ​មនុស្សទាំងអស់​ ៤២នាក់នៅនោះ ត្រូវជួយសង្រ្គោះទាន់ពេល​វេលា ខណៈ​ក្នុង​ចំណោម​មនុស្ស​ទាំង​ ១០៥នាក់ ដែលធ្វើដំណើរ​​លើ​ទូក​​ឈ្មោះ ហ្វឺនិច (Phoenix) វិញមាន ៣៨នាក់ហើយបាន​ស្លាប់, ១៨នាក់​កំពុង​​បន្ត​បាត់​ខ្លួន និង ៤៨នាក់ត្រូវបានជួយសង្រ្គោះ។ សម្រាប់អ្នកភ្ញៀវទេសចរ​នៅលើទូកទាំងពីរ​គ្រឿង គឺសុទ្ធតែជាជនជាតិចិន៕