(តូក្យូ)៖ មនុស្សចំនួន ២១នាក់ហើយបានបាត់បង់ជីវិត និង៤៧នាក់ទៀតបាត់ខ្លួន ដោយសារតែភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងទឹកកកជំនន់ ដែលបានវាយប្រហារប្រទេសជប៉ុន តាំងតែពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
ភ្លៀងធ្លាក់ខ្លាំងបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ខេត្តយ៉ាងហោចណាស់ចំនួន ២០ នៅទូទាំងប្រទេសជប៉ុន ខណៈក្រុមគ្រួសារសរុបជាង ៣លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីគេចចេញពីគ្រោះមហន្តរាយនានា ដែលបាន និងកំពុងបង្កឡើងដោយភ្លៀងធ្លាក់ និងទឹកជំនន់យ៉ាងគំហុកនេះ។
បើតាមសម្តីរបស់អាជ្ញាធរជប៉ុន សមាជិកក្រុមសង្គ្រោះ ប៉ូលិស ក្រុមពន្លត់អគ្គភ័យ និងកងកម្លាំងស្វ័យការពារសរុបប្រមាណជា ៤៨,០០០នាក់ កំពុងតែចេញប្រតិបត្តិការសង្គ្រោះប្រជាជន ដែលជាប់ខ្លួន និងអាចទទួលរងរបួស នៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី។
គួរបញ្ជាក់តាមទីភ្នាក់ងារឧតុនិយមជប៉ុនអះអាងថា ភ្លៀងនឹងបន្តគំរាមកំហែងបណ្តាខេត្តភាគខាងកើត និងខាងលិចជប៉ុនរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈក្រុមសង្គ្រោះនៅតែបន្តការងាររបស់ខ្លួន រហូតដល់ស្ថានការណ៍បានស្ងប់ស្ងាត់៕