(ភូកេត)៖ ក្រុមជំនាញមួយក្រុមមកពីទីក្រុងប៉េកាំង ត្រូវបានបញ្ជូនមកដល់ប្រទេសថៃហើយ ដើម្បីធ្វើការត្រួតពិនិត្យភាពជាក់ស្តែង នៃករណីលិចទូកទេសចរណ៍ នៅកោះភូកេត ប្រទេសថៃ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ពេលនេះ កើនឡើងដល់ ៣៨នាក់ និង ១៨នាក់ទៀតបន្តបាត់ខ្លួន សុទ្ធសឹងតែជាជនជាតិចិនទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរថៃ ទូកចំនួនពីរគ្រឿងបានដឹកអ្នកទេសចរចិនជិត ១៥០នាក់ ទាំងយប់ឆ្លងកាត់សមុទ្រនៃកោះភូកេត ទាំងដែលពេលនោះកំពុងមានព្យុះកើតឡើង ហើយជាលទ្ធផលទូកទាំងពីរគ្រឿងនេះបានលិច ដោយសារតែភ្លៀងខ្យល់បោកបក់ អមដោយរលកធំៗ។ សម្រាប់ក្រុមជំនាញចិនដែលមកប្រទេសថៃពេលនេះ គឺដើម្បីជួយស្វែងរកមនុស្សបាត់ខ្លួន និងរៀបចំយកសាកសពជនរងគ្រោះទាំងអស់ ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ នៅពេលការរុករកបញ្ចប់រួចរាល់។
ទូកដែលលិចខាងលើរួមមានឈ្មោះ ស៊ីរេណាតា (Serenata) ដោយមនុស្សទាំងអស់ ៤២នាក់នៅនោះ ត្រូវជួយសង្រ្គោះទាន់ពេលវេលា ខណៈក្នុងចំណោមមនុស្សទាំង ១០៥នាក់ ដែលធ្វើដំណើរលើទូកឈ្មោះ ហ្វឺនិច (Phoenix) វិញមាន ៣៨នាក់ហើយបានស្លាប់, ១៨នាក់កំពុងបន្តបាត់ខ្លួន និង ៤៨នាក់ត្រូវបានជួយសង្រ្គោះ។ សម្រាប់អ្នកភ្ញៀវទេសចរនៅលើទូកទាំងពីរគ្រឿង គឺសុទ្ធតែជាជនជាតិចិន។
គួរជម្រាបថា កាលពីយប់ថ្ងៃសុក្រ អាជ្ញាធរថៃ បានសម្រេចផ្អាកប្រតិបត្តិការរុករកអ្នកដែលបាត់ខ្លួន ហើយនឹងបន្តប្រតិបត្តិការឡើងវិញនៅម៉ោង ០៥៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ៕