(បរទេស)៖ ពិភពលោកពិតជាធំធេងណាស់ ហេតុដូច្នេះ​សកម្មភាពប្លែកៗ​របស់មនុស្ស តែងតែកើតមាន​​ឡើង​ជារៀងរាល់ថ្ងៃ ដែលរឿងរ៉ាវខ្លះ​គួរឲ្យយើងធ្វើការស្វែង​យល់ពីសកម្មភាព​នោះ និងដើមចម​ដែលនាំឲ្យវាកើតឡើង ខណៈខ្លះទៀត​ជារឿងរ៉ាវដែលគួរ​យកគំរូតាម និង​កោតសរសើរ។

ខាង​ក្រោមនេះ គឺជាខ្សែ​វីដេអូ​អន្តរជាតិ​ពិសេសៗ និងប្លែកៗទាំង ០៥ ដែលលោកអ្នក​មិនគួរមើលរំលង ដែលជាភាគទី២៖

១៖ ខណៈត្រីសាល់ម៉ុនកំពុងត្រូវប៉ាន់ពាសពេញពិភពលោក ប្រទេសចិនឯណេះវិញ​ក៏កំពុងតែបង្កើតកន្លែងចិញ្ចឹម និងបង្កាត់ពូជហ្នឹងគេផងដែរ ដែលជាកសិដ្ឋានចិញ្ចឹមត្រី​ក្នុងសមុទ្រដ៏ជ្រៅ ជាលើកដំបូងមិនធ្លាប់មាននោះទេ។ កន្លែងចិញ្ចឹមត្រីនេះ គឺមាន​សមត្ថភាពផ្ទុក និងចិញ្ចឹមត្រីសាល់ម៉ុនម្តងរហូតដល់ទៅ ៣០០,០០០ក្បាល និងអាចផ្តល់​ទិន្នផលសាច់ត្រី ១,៥០០តោន ជាមធ្យមក្នុងមួយឆ្នាំ។

២៖ ទីបំផុតមូលនិធិ​សត្វព្រៃ ZWF នៃទីក្រុង​ម៉ៃអាមី ភាគខាងត្បូង​សហរដ្ឋអាមេរិក បាននាំយកសត្វ​ស្វាឈ្មោះ Limbani ដ៏គួរឲ្យស្រឡាញ់ ទៅជួបជុំជាមួយ​ឪពុកម្តាយ​ចិញ្ចឹមរបស់វា​វិញហើយ។ កូនស្វាមួយនេះ បានកើតមកជាមួយនិង​ជំងឺរលាកសួត ទើបត្រូវបាន​មនុស្សយកវាទៅចិញ្ចឹម និងសុំឲ្យអង្គការ ZWF ជួយថែទាំ​នៅរយៈពេលប៉ុន្មាន​ខែដំបូង រហូតដល់វា​បានធូរ​ស្បើយពេលនេះ។

៣៖ រថយន្តទំនើប​ស៊េរីថ្មី BMW មួយគ្រឿង ត្រូវបានដុតបណ្តាល​ឲ្យឆាបឆេះសល់តែ​គ្រោងដែក​ប៉ុណ្ណោះ ទោះបីជាក្រុមអ្នកពន្លត់បានមកដល់ទីកន្លែង និងព្យាយាមពន្លត់​យ៉ាងអស់ពី​សមត្ថភាព​ក៏ដោយ។ យោងតាម​កាមេរ៉ាសាធារណៈនៅម្តុំកន្លែង​កើតហេតុ នៃទីក្រុង​យ៉ាងចូវ ភាគខាងកើត​ប្រទេសចិន ក្មេងៗមួយចំនួនត្រូវបាន​គេសង្ស័យថា ជាអ្នកបង្កហេតុការណ៍​នេះឡើង ដោយសារតែ​គេឃើញពួកគេ ព្យាយាមរត់គេច​ចេញ​ពីកន្លែកកើតហេតុ​យ៉ាងតក់​ក្រហល់។

៤៖ អ្នកដំណើរកំពុងជិះ​រថយន្តក្រុង​សុខៗ ស្រាប់តែ​ឧបករណ៍ Power Bank របស់​នាង​បានផ្ទុះឡើងចេញ​ជាអណ្តាតភ្លើង ហើយនាងក៏គ្រវែង​ចោលទៅក្បែរ​កៅអីតៃកុងឡាន ដែលកំពុងបើកបរ។ សំណាងល្អ​ដែលតៃកុងឡាន​មាន​ស្មារតីល្អ ដោយបាន​ឈប់រថយន្ត​នៅម្ខាងផ្លូវ រួចយកឧបករណ៍​មកពន្លត់ភ្លើង និងផ្សែង​ទាន់ពេល។ ហេតុការណ៍​នេះ​មិនបានបង្ករបួស​ដល់នរណាម្នាក់ក្នុងរថយន្ត​ក្រុងឡើង។

៥៖ ទីបំផុតតំបន់​ភ្នំហ្វានជីងសាន​របស់ចិន ត្រូវបានចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌពិភពលោក​ របស់​អង្គការ UNESCO ហើយកាល​ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។ វាត្រូវបានទទួល​​ស្គាល់ជា​អន្តរជាតិថា ជាជម្រក​នៃជីវៈចំរុះដ៏សំបូរបែប​ដូចជា រុក្ខជាតិ និងសត្វកម្រ​​ជាច្រើន​ផងដែរ។ ភាពជាក់ស្តែង​នៃតំបន់ភ្នំ ហ្វានជីងសាន នេះគឺវាត្រូវបាន​គ្រប​ដណ្តប់ ៩៥ភាគរយ​ដោយព្រៃឈើតែម្តង ហើយក៏ជាកន្លែង​ដែលកំពុងទាក់ទាញ​ភ្ញៀវទេសចរ​មកពីគ្រប់​ទិសទីផង​ដែរ។