(ម៉ូស្គូ)៖ ក្រុមក្រឡាអុកក្រួអាត ពុំដែលមានប្រវត្តិលេងចាញ់រុស្ស៊ីឡើយ ក្នុងចំណោមជួបគ្នា ៣ដងមកនេះ ពោលគឺ ឈ្នះ១ និងស្មើ២ មុនប៉ះគ្នាជាលើកទី៤ នាម៉ោង ១យប់រំលងអាធ្រាត្រនេះ បញ្ចប់វគ្គ៨ក្រុមចុងក្រោយនៃ FIFA World Cup 2018។
ក្រូអាត បានបំបាក់រុស្ស៊ីដោយលទ្ធផលបច្ចេកទេស ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិក្នុងឆ្នាំ២០១៥ និងលេងស្មើ ០-០ ចំនួន ២លើកនៃព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៧ តែនៅព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក គឺជាការជួបគ្នាលើកទី១រវាងក្រុមនៅអឺរ៉ុបដូចគ្នា ហើយក៏ជាក្រុមដែលមិនធ្លាប់ឈ្នះ និងរងជើងឯក World Cup ដូចគ្នាថែមទៀតផង។
ក្រូអាត បានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយទាំងត្រដាបត្រដួស ដោយបានទម្លាក់គូប្រជែងនៅអឺរ៉ុបដូចគ្នា ដាណឺម៉ាក ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងលទ្ធផល ៣-២ ក្នុងវគ្គ១៦ក្រុម បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី២ដងស្មើគ្នា ១-១ ហើយក៏ជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ចេញពីពូល D ផងដែរ ដោយលេង៣ប្រកួតក្នុងពូល ឈ្នះទាំងអស់ មិនដែលចាញ់ និងស្មើឡើយ ជាពិសេសគឺបានបំបាក់ក្រុមខ្លាំងអាហ្សង់ទីន ៣-០ ឈ្នះនីហ្សេរីយ៉ា ២-០ និងឈ្នះអាយឡែន ២-១ នៅថ្ងៃបិទបញ្ចប់ពូល។
ងាកមកមើលក្រុមម្ចាស់រុស្ស៊ី ក៏មិនធម្មតាដែរ ដោយបានទម្លាក់ក្រុមខ្លាំងអេស្ប៉ាញចេញពី World Cup 2018 តាំងពីក្នុង វគ្គ១៦ក្រុមចុងក្រោយ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី២ដង ស្មើគ្នា ១-១ ហើយក៏ជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល A ដោយលេង ៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ និងចាញ់ ជាមួយលទ្ធផលបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ នៅថ្ងៃបើកឆាក World Cup 2018 មុនលេងឈ្នះអេហ្ស៊ីប ៣-១ និងចុងក្រោយចាញ់ក្រុមមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ ៣-០៕