(ប៉េកាំង)៖ អ្នកបើកបររថយន្ដក្រុងម្នាក់ លោក ចាវ ជាំងគួ (Zhao Jianguo) ត្រូវបានអ្នកដំណើរជាច្រើននាក់ចាត់ទុកថា គឺជាវីរៈបុរស បន្ទាប់ពីលោកបានលះបង់ជីវិត ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
លោក Zhao មានអាយុ ៤៤ឆ្នាំ បានលះបង់ជីវិតរបស់លោក ដើម្បីជួយជីវិតអ្នកដំណើរទាំង ៣៧នាក់ នៅលើរថយន្ដក្រុង។ ជាមួយគ្នានោះដែរ បើតាមក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា នៅពេលព្រឹកថ្ងៃទី៣០ ខែមិថុនាកន្លងទៅ រថយន្ដក្រុងមួយគ្រឿងបើកបរដោយ លោក Zhao បានធ្វើដំណើរទាំងភ្លៀងខ្លាំង និងក្រោមលក្ខខណ្ឌដ៏លំបាក នៅតាមផ្លូវក្នុងខេត្ត ស៊ីឈ័ន (Sichuan)។
លោក Zhao និងជំនួយការម្នាក់ឈ្មោះ ជិន យ៉ុង (Chen Yong) បានដឹកក្រុមភ្ញៀវទេសចរ ៣៧នាក់ ពីតំបន់បឹង Lugu ត្រឡប់ទៅកាន់ទីក្រុង ចេងទូ (Chengdu) នៃខេត្ត Sichuan ក្នុងចំងាយផ្លូវ ៧៣០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានបង្កការលំបាកយ៉ាងខ្លាំងក្នុងការបញ្ជាចង្កូចរថយន្ដ ក៏ដូចជាដើម្បីកុំឱ្យរថយន្ដក្រុង ធ្លាក់ចូលក្នុងទឹកទន្លេនៅក្បែរនោះ លោក Zhao បានជាន់ហ្រ្វាំងមួយទំហឹងសុខចិត្ត ទៅបុកនឹងផ្ទះថ្មមួយដុំ រហូតបាក់ធ្លាក់សង្កត់រូបលោក រហូតដល់ស្លាប់។
«បើសិនជា អ្នកបើកបររថយន្ដក្រុងរបស់យើងមិនប្រឹងជាន់ហ្រ្វាំងទេ នោះពួកយើងប្រហែលជាស្លាប់ក្នុងទឹកទន្លេ Daduhe បាត់អស់ហើយ។ គាត់គឺជាវិរៈបុរសសម្រាប់យើងទាំងអស់គ្នា»។ នេះបើតាមអ្នកដំណើរម្នាក់ឈ្មោះ លី ហ្ស័ងជន (Li Xiongjun)៕