(អ៊ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវ៉ាស ហ្សារីហ្វ (Nawaz Sharif) បាននិយាយថា លោកបានតៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការជាប់ពន្ធនាគារ ១០ឆ្នាំ ដែលលោកផ្ទាល់ចាត់ទុកថា ការធ្វើទុក្ខបុកម្នេញដោយសារតែរូបលោកព្យាយាមរំដោះប្រជាជនប៉ាគីស្ថាន ពីភាពជាទាសកររបស់ក្រុមយោធា និងចៅក្រមមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
លោក Nawaz Sharif ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទពុករលួយ និងពិន័យជាប្រាក់ ១៤.៤០លានដុល្លារ កាលពីថ្ងៃសុក្រម្សិលមិញ។ ប៉ុន្តែមិនមានវត្តមានក្នុងសវនាកានោះទេ ដោយលោកកំពុងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីមើលថែភរិយារបស់លោក ដែលកំពុងតស៊ូប្រយុទ្ធនឹងជំងឺមហារីក។
តែទោះជាយ៉ាងនេះក្ដី អតីតនាយករដ្ឋមន្ត្រីរូបនេះ ដោយមិនបានកំណត់ពីពេលវេលាជាក់លាក់បានអះអាងថា លោកនឹងត្រឡប់ទៅកាន់ប្រទេសប៉ាគីស្ថានវិញ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រឈមមុខនឹងការជាប់ពន្ធនាគារ ១០ឆ្នាំ បន្ទាប់ពីភរិយារបស់លោក មានភាពធូរស្រាលឡើងវិញ។
គួរបញ្ជាក់ថា តុលាការទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ថា លោក Nawaz Sharif មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការទិញអាផាតមិនចំនួន ០៤ នៅឯទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយផ្អែកលើសាលក្រមរបស់ខ្លួន តុលាការបានបង្គាប់ឱ្យអាជ្ញាធរ រឹបអូសអាផាតមិនជាកម្មសិទ្ធិរបស់លោក Sharif ដាក់ជាសម្បត្តិរដ្ឋ។
លោក Sharif ត្រូវបានគេបោះឆ្នោតទម្លាក់ពីអំណាច កាលពីខែកក្កដា ឆ្នាំ២០១៧ ដោយសារអំពើពុករលួយ ដែលលោកបានបដិសេធ និងថាវាជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ ប្រឆាំងនឹងរូបលោកតែប៉ុណ្ណោះ៕