(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានអះអាងថា លោកស្រីនឹងបណ្ដេញរដ្ឋមន្ត្រីការបរទេស លោក បូរីស ចនសុន (Boris Johnson) ចេញពីតំណែង បើសិនជាលោកនៅតែរឹងទទឹង និងព្យាយាមបំផ្លាញដល់គោលជំហរ នៃកិច្ចចរចាស្ដីពី Brexit ដែលត្រូវបានព្រមព្រៀង
ដោយគណៈរដ្ឋមន្ត្រីរបស់លោកស្រី នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
នៅថ្ងៃសុក្រសប្ដាហ៍នេះ គណៈរដ្ឋមន្ត្រីរបស់លោកស្រី May បានបើកកិច្ចប្រជុំមួយ ហើយក្នុងកិច្ចប្រជុំនោះដែរ ពួកគេបានឈានដល់កិច្ចព្រមព្រៀងស្ដីពីមូលដ្ឋាន នៃអនាគតទំនាក់ទំនងជាមួយនឹងសហភាពអឺរ៉ុប បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬ Brexit។
បន្ថែមពីលើនេះបើតាមគណៈរដ្ឋមន្ត្រី ក្រុមរដ្ឋមន្ត្រីទាំងអស់បានចុះហត្ថលេខាលើផែនការមួយបង្កើតតំបន់ពាណិជ្ជកម្មសេរីសម្រាប់វិស័យឧស្សាហកម្ម និងផលិតផលកសិកម្មជាមួយសហភាពអឺរ៉ុប ដោយផ្អែកលើច្បាប់រួម ហើយមិនតែប៉ុណ្ណោះ ផែនការនេះក៏បានគាំទ្រផងដែរការបង្កើតដែនដីគយរួម។
គួរបញ្ជាក់ថា បច្ចុប្បន្ន Brexit បានក្លាយជាច្បាប់ជាផ្លូវការហើយ ក្រោយម្ចាស់ក្សត្រីអង់គ្លេសឡាយព្រះហស្ថលេខា ខណៈបើតាមគ្រោងទុកអង់គ្លេស នឹងចាកចេញពីសហភាពនៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០១៩៕