ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនអ្នកជំនាញមកជួយរំដោះ ជនជាតិថៃទាំង១៣នាក់ ដែលកំពុងជាប់ក្នុងរូងភ្នំថាំលួង (Video inside)
07-07-2018 09:38
(បរទេស)៖ នាយប្រតិបត្តិក្រុមហ៊ុន SpaceX &The Boring Co. លោក អេឡន ម៉ាសក៍ (Elon Musk) បានប្រកាថា នឹងបញ្ជូនក្រុមវិស្វករជំនាញ របស់លោកឱ្យទៅចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ចេញពីរូងភ្នំថាំលួង នៅភាគខាងជើងប្រទេសថៃ ក្រោយជាប់រូងភ្នំនោះអស់ជាង ១៤ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space.com នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter របស់ខ្លួនលោក Elon Musk បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមវិស្វករជំនាញមកពី SpaceX & Boring Co នឹងធ្វើដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃស្អែកនេះ (សៅរ៍នេះ) ដើម្បីពិនិត្យថា ពួកគេអាចជួយអ្វីខ្លះដល់រដ្ឋាភិបាលថៃ ក្នុងការជួយ សង្រ្គោះមនុស្សទាំង ១៣នាក់ ចេញពីរូងភ្នំ»។
គួររំលឹកថា ក្មេងប្រុសទាំង ១២នាក់ មានអាយុចន្លោះពីឆ្នាំ ១១ឆ្នាំ ដល់ ១៦ឆ្នាំ និងគ្រួបង្វឹកបាល់ទាត់របស់ពួកគេម្នាក់អាយុ ២៥ឆ្នាំ ត្រូវបានគេរកឃើញថា នៅមានជីវិតក្រោមប៉ុន្តែស្ថិតក្នុងអការៈស្គមស្គាំង នៅក្នុងរូងភ្នំថំាលួង នៅឯខេត្តឈៀងរ៉ាយ នៃភាគខាងជើងប្រទេសថៃ កាលពីថ្ងៃចន្ទ ក្រោយជាប់ក្នុងរូងភ្នំថំាលួង ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមក។
ដោយឡែកបើតាមអាជ្ញាធរថៃ ក្នុងចំណោមមធ្យោបាយជួយសង្រ្គោះ ក្នុងនោះរួមមានការបង្រៀនអ្នកទាំង ១៣នាក់ ពីរបៀបជ្រមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់, របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក ប៉ុន្តែស្ថានការណ៍នៅតែមិនមានភាពអំណោយផលនោះឡើយ ដូច្នេះបានជាមានក្រុមជំនាញពីអន្តរជាតិបន្ថែមទៀត ដូចជាមកពីជប៉ុន និង SpaceX ចូលរួមជួយ៕