(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់រុស្ស៊ីថា បាននិងកំពុងបំផ្លាញសេរីភាពសារព័ត៌មាន និងគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បន្ទាប់ពីតុលាកការរុស្ស៊ីសម្រេចចិត្តផាកពិន័យ វិទ្យុគាំទ្រដោយរដ្ឋាភិបាលអាមេរិក អឺរ៉ុបសេរី (Radio Free Europe (RFE)) សម្រាប់ការរំលោភលើច្បាប់ទីភ្នាក់ងារបរទេសរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
RFE បាននិយាយថា ការសម្រេចចិត្តរបស់តុលាការរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ គឺផ្ទុយទាំងស្រុងពីច្បាប់ទីភ្នាក់ងារបរទេសរបស់ទីក្រុងម៉ូស្គូ ហើយថាការផាកពិន័យជាប្រាក់ ១,៥៨៥ដុល្លារ ធ្វើឡើងក្នុងគោលបំណងប្រឆាំងនឹងប្រតិបត្តិការរបស់ RFE។ ដោយឡែក ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលរុស្ស៊ី នៅតែបន្តតាមបំផ្លាញសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះជ្រើសរើសយកវិទ្យុ RFE និងវិទ្យុ VOA (Voice of America) ជាគោលដៅនៃច្បាប់ទីភ្នាក់ងារបរទេសរបស់រុស្ស៊ី»។
គួរបញ្ជាក់ថា វិទ្យុ RFE និងវិទ្យុ VOA (Voice of America) ត្រូវបានទីក្រុងម៉ូស្គូចាត់ទុកថា ជាទីភ្នាក់ងារបរទេសកាលពីខែធ្នូ ឆ្នាំ២០១៧ ហើយការចាត់ទុកនេះទៀតសោត គឺជាការសងសឹកទៅនឹងសហរដ្ឋអាមេរិក ដែលរុស្ស៊ីចោទថា បានដាក់សម្ពាធលើសារព័ត៌មានរុស្ស៊ី នៅសហរដ្ឋអាមេរិក៕